(វ៉ាស៊ីនតោន)៖ ប្រធានសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី ណាន់ស៊ី ប៉េឡូស៊ី (Nancy Pelosi) បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចាប់ផ្តើមធ្វើអ្វីម្យ៉ាងដើម្បីតទល់នឹងការអនុវត្តពាណិជ្ជកម្មរបស់ចិន ប៉ុន្តែលោកស្រីគិតឡើយថា ការបោះជំហានរបស់លោក ត្រាំ ទំនងជាដើរខុសផ្លូវ ហើយបែរមកបំផ្លាញផលប្រយោជន៍ប្រជាជន និងក្រុមអ្នកជំនួញអាមេរិកទៅវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
លោក Nancy Pelosi បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC នៅថ្ងៃអង្គារសប្ដាហ៍នេះ ពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នាពេលបច្ចុប្បន្ន។ ប្រធានសភារូបនេះបានបន្ថែមទៀតថា លោក ដូណាល់ ត្រាំ មិនត្រូវដោះស្រាយបញ្ហាពាណិជ្ជកម្មជាមួយចិន តាមវិធីសាស្ត្រដែលធ្វើឱ្យពាណិជ្ជកម្ម និងវិស័យកសិកម្មអាមេរិកធ្លាក់ចូលក្នុងហានិភ័យនោះទេ។
លោកស្រី Pelosi បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលខ្ញុំចង់និយាយនោះគឺ ជំហានដែលលោក (ត្រាំ) កំពុងដើរសំដៅទៅរកការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម មិនគួរទុកឱកាសឱ្យភាគីជម្លោះ បង្កភាពឈឺចាប់ដល់កសិករ និងប្រជាជនរបស់យើងឡើយ»។ ការលើកឡើងរបស់ប្រធានសភា នៃសហរដ្ឋអាមេរិក គឺចង់សំដៅទៅលើការតបតរបស់ចិន នៅក្នុងការតំឡើងពន្ធលើទំនិញរបស់ អាមេរិកវិញ ដែលជាហេតុធ្វើឲ្យកសិករអាមេរិកជួបបញ្ហាធ្ងន់ធ្ងរ ខណៈប្រជាជនអាមេរិក ក៏ត្រូវចំណាយច្រើនជាងមុន ដើម្បីទិញទំនិញនាំចូលពីចិនដែលត្រូវបានដំឡើងពន្ធនោះ។
គួរជម្រាបថា ជំនួបពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកគ្រោងនឹងប្រព្រឹត្តទៅនៅដើម ខែតុលាខាងមុខនេះ ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយអាចនឹងសម្រេចបានក្នុងពេលឆាប់ៗនេះ ពោលគឺអាចនៅមុន ឬនៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកា ឆ្នាំ២០២០។ ប៉ុន្តែបើតាមលោក ត្រាំ កិច្ចព្រមព្រៀងដែលធ្វើឡើងនៅក្រោយការបោះឆ្នោតនេះ នឹងក្លាយជារឿងដ៏លំបាក៕