(វ៉ាស៊ីនតោន)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ក្រុមមេបញ្ជាការយោធាអាមេរិក បានបង្ហាញប្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នូវផែនការសំខាន់ៗ ដើម្បីវាយប្រហារលើមូលដ្ឋានប្រេងរបស់ប្រទេសអ៊ីរ៉ង់ ព្រោះតែការសង្ស័យថា អ៊ីរ៉ង់ជាប់ពាក់ព័ន្ធក្នុងករណីវាយប្រហារ លើរោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍មុនតែលោក ត្រាំ ពុំយល់ស្រប ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
ក្រុមបញ្ជាការយោធាអាមេរិកបានបញ្ចេញផែនការខាងលើ កាលពីកំឡុងកិច្ចប្រជុំសន្តិសុខជាតិមួយនាថ្ងៃដើមសប្តាហ៍នេះ ដោយពួកគេបានដាក់ជូនលោក ត្រាំ នូវជម្រើសសកម្មភាពឆ្លើយតបជាច្រើន ដោយរួមមានទាំងការវាយប្រហារតាមផ្នែកព័ត៌មានវិទ្យា និងការវាយប្រហារតាមរយៈសព្វាវុធ។ យ៉ាងណាមិញលោក ត្រាំ បានជំទាស់ចំពោះគម្រោងវាយប្រហារលើអ៊ីរ៉ង់ ដោយសារតែលោកចង់រក្សាពាក្យសន្យារបស់លោកកន្លងមកនេះថា នឹងមិនរុញច្រានសហរដ្ឋអាមេរិក ឲ្យធ្លាក់ក្នុងសង្រ្គាមថ្មីផ្សេងទៀតឡើយ។ ក្រៅពីនេះគឺលោក ត្រាំ បានបង្ហាញក្តីបារម្ភថា សង្រ្គាមជាមួយអ៊ីរ៉ង់អាចជះផលវិបាកផ្នែកសេដ្ឋកិច្ចមកវិញ។
កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រុមហ៊ុនប្រេងធំបំផុតរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត អារាំកូ (Aramco) បានបង្ខំចិត្តបិទមូលដ្ឋានប្រេងចំនួនពីរកន្លែងគឺ អាប់កេក (Abqaiq) និង ឃូរ៉េស (Khurais) ដែលស្ថិតនៅភាគខាងកើតប្រទេសសេដ្ឋីប្រេងនេះ បន្ទាប់ពីពួកវាបានរងការវាយប្រហារដោយយន្តហោះដ្រូន។ ប្រការនេះបានប៉ះពាល់គួរឲ្យកត់សម្គាល់ ដល់ការផលិតប្រេងរបស់អារ៉ាប៊ីសាអូឌីត និងធ្វើប្រេងលោតឡើងថ្លៃនៅជុំវិញពិភពលោក។ ដោយឡែករដ្ឋមន្រ្តីថាមពលអារ៉ាប៊ីសាអូឌីត ទើបតែបានបញ្ជាក់ថា ការផលិតប្រេងបានចាប់ផ្តើមវិលទៅរកសភាពដើមជាបណ្តើរៗ ហើយអាចត្រូវស្តារបានឡើងវិញទាំងស្រុង នៅចុងខែកញ្ញានេះ។
គួរជម្រាបថា ពាក់ព័ន្ធសកម្មភាពវាយប្រហារខាងលើ ក្រុមឧទ្ទាម Houthi នៅឯប្រទេសយេម៉ែន បានចេញមុខអះអាងថា ជាទង្វើរបស់ពួកគេ ព្រោះកន្លងមកក្រុមសកម្មប្រយុទ្ធនេះ ក៏ធ្លាប់បានប្រើដ្រូនវាយប្រហារលើព្រលានយន្តហោះ និងមូលដ្ឋានប្រេងនៅអារ៉ាប៊ីសាអូឌីតដែរ ប៉ុន្តែសហរដ្ឋអាមេរិកវិញបានទម្លាក់កំហុសទៅលើអ៊ីរ៉ង់ថា ជាអ្នកប្រព្រឹត្ត ខណៈអ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់។ ចំពេលមានភាពតានតឹងនេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗ៕