(វ៉ាស៊ីនតោន)៖ មេដឹកនាំបាតុករវ័យក្មេងនៃទីក្រុងហុងកុងបានអំពាវនាវដោយផ្ទាល់ ឱ្យសមាជិកសភាអាមេរិកបង្កើនការដាក់សម្ពាធលើទីក្រុងប៉េកាំង និងបានព្រមានផងដែរថា ចិនអាចនឹងប្រើធម៌ក្តៅលើហុងកុង នៅក្នុងខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩។
មេដឹកនាំបាតុករក្រុងហុងកុង លោក ចូលហ័រ វ៉ុង (Joshua Wong) និងលោកស្រី ដេនីស ហូ (Denise Ho) បានធ្វើការអំពាវនាវខាងលើធ្វើឡើង កំឡុងពេលថ្លែងសារដោយផ្ទាល់ ចំពោះមុខសមាជិកសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ។ នាឱកាសនោះលោកស្រី Denise Ho បានលើកឡើងយ៉ាងដូច្នេះថា «នេះមិនមែនជាការស្នើឱ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុង ឬក៏ជាការទាមទារឯករាជ្យឱ្យទីក្រុងហុងកុងនោះទេ... តែវាគឺជាការអំពាវនាវដើម្បីសិទ្ធិមនុស្សជាសកល, សេរីភាព និងលទិ្ធប្រជាធិបតេយ្យ»។
ដោយឡែកមេដឹកនាំបាតុករលោក Joshua Wong វ័យ ២២ឆ្នាំ ក៏បានព្រមានដែរថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អាចនឹងវិធានការឃោរឃៅប្រឆាំងនឹងបាតុករក្រុងហុងកុង នៅមុនការប្រព្រឹត្តខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីនេះក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅខាងក្រៅស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងហុងកុង ដើម្បីស្វែងរកការគាំទ្រពីរដ្ឋបាលលោក ប្រធានាធិបតី ដូណាល់ ត្រាំ។ ប៉ុន្តែលោក ត្រាំ មិនទាន់ផ្ដល់សញ្ញាជាវិជ្ជមានណាមួយ ឆ្លើយតបទៅនឹងការអំពាវនាវនេះទេ ខណៈក្រុមអ្នកជំនាញយល់ថា សំឡេងគាំទ្ររបស់អាមេរិក នឹងជំរុញឱ្យចិនមានលេសចាត់ទុកក្រុមបាតុករថាជា «ក្រុមជនបង្ករឿងដើម្បីបម្រើប្រយោជន៍បរទេស»៕