(តូក្យូ)៖ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា កូរ៉េខាងជើងទំនងជាកំពុងត្រៀមខ្លួនដាក់ឱ្យប្រើប្រាស់ នាវាមុជទឹកបំពាក់មីស៊ីល-នុយក្លេអ៊ែរស៊េរីថ្មីមួយគ្រឿងរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ ខណៈកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកកំពុងជាប់គាំង។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩។
ការចេញផ្សាយខាងលើរបស់ទូរទស្សន៍ NHK ធ្វើឡើងដោយផ្អែកលើក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានសិក្សាអន្តរជាតិ មីដដលប៊ឺរី (Middlebury) និងរូបភាពផ្កាយរណបបានពីក្រុមហ៊ុន ផ្លាណេតឡាបស៍ (Planet Labs)។ ទូរទស្សន៍ជប៉ុនមួយនេះបានឱ្យដឹងទៀតថា រូបភាពផ្កាយរណបថតពីលើទីក្រុងកំពង់ផែកូរ៉េខាងជើង ស៊ីនផូ (Sinpo) បានបង្ហាញថា ទីក្រុងព្យុងយ៉ាងទំនងជាកំពុងចល័ត និងត្រៀមដាក់ឱ្យប្រើប្រាស់នាវាមុជទឹកបំពាក់មីស៊ីល-នុយក្លេអ៊ែរមួយគ្រឿង។
គួរបញ្ជាក់ថា បើតាមរូបភាពផ្កាយរណបដដែល ដែលត្រូវបានថតនៅដើមខែកញ្ញានេះ ក៏បានបញ្ជាក់ដែរថា ការសាងសង់រចនាសម្ព័ន្ធដ៏ធំមួយ បានលាតសន្ធឹងពីច្រាំងចូលទៅកាន់ផ្ទៃទឹក ប្រហែលជា ១០០ម៉ែត្រ ប៉ុន្តែបើតាមក្រុមអ្នកស្រាវជា្រវនៃវិទ្យាស្ថាន Middlebury ជាធម្មតានាវាមុជទឹកកូរ៉េខាងជើងត្រូវបានសាងសង់ នៅក្នុងរចនាសម្ព័ន្ធមួយ មានទំហំតូចជាងរូបភាពថតជាប់ដោយផ្កាយរណបរបស់ពួកគ។
តែយ៉ាងណាក៏ដោយ អ្នកសា្រវជ្រាវជាន់ខ្ពស់ម្នាក់នៃវិទ្យាស្ថានខាងលើ បានអះអាងថា រចនាសម្ព័ន្ធនេះអាចត្រូវបានប្រើប្រាស់សម្រាប់ការសាងសង់ និងថែទាំនាវាមុជទឹកបំពាក់មីស៊ីល-នុយក្លេអ៊ែរ ព្រមទាំងអភិវឌ្ឍន៍កម្មវិធីមីស៊ីលបាលីស្ទីគបាញ់ចេញពីនាវាមុជទឹក៕