(តេហេរ៉ង់)៖ ប្រមុខការទូតប្រទេសអ៊ីរ៉ង់នាថ្ងៃអាទិត្យបាននិយាយថា ទីក្រុងតេហេរ៉ង់ស្វាគមន៍ជានិច្ច ប្រសិនបើសហរដ្ឋអាមេរិកចង់បើកកិច្ចចចារ ដើម្បីសម្រេចកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏យូរអង្វែងមួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩។
ក្នុងកំឡុងនៃការផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន CBS រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានលើកឡើងដូច្នេះថា «ពួកយើងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចរចាគ្នា ប៉ុន្តែមិនមែនចរចាអំពីអ្វីដែលមានសុពលភាពតែប៉ុន្មានឆ្នាំនោះឡើយ គឺយើងត្រូវការការចរចាអំពីអ្វី ដែលនឹងមានភាពឋិតឋេរជានិរន្តរ៍»។
បើតាមលោក Zarif ឱកាសនៃការចាប់ផ្តើមកិច្ចចរចា គឺនាថ្ងៃពុធសប្តាហ៍នេះ នៅមហាសន្និបាតនៃអង្គការសហប្រជាជាតិ ជាកន្លែងដែលប្រមុខការទូតនៃភាគីជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ០៦ គឺអ៊ីរ៉ង់ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ចិន រុស្ស៊ី និងសហភាពអឺរ៉ុបនឹងជជែកគ្នាអំពីអនាគតនៃកិច្ចព្រមព្រៀងនេះ។
យ៉ាងណាមិញ លោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានច្រានចោលនូវលទ្ធភាពជួបមុខគ្នាជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅឯទីក្រុងញូយ៉ក។ លោក Zarif បានបកស្រាយថា ច្បាប់របស់សហរដ្ឋអាមេរិកបានរារាំងលោក Pompeo មិន ឲ្យជួបរូបលោកបានបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានកត់ឈ្មោះលោកចូលបញ្ជីខ្មៅ កាលពីខែកក្កដារួមជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។
គួរជម្រាបថា ចាប់តាំងតែពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីឆ្នាំ២០១៨ ហើយដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ ប្រទេសទាំងពីរបានបន្តមានភាពតានតឹងជាមួយគ្នារហូតមកទល់បច្ចុប្បន្ន៕