(មជ្ឈិមបូព៌ា)៖ ការវាយប្រហារដោយមីស៊ីល និងយន្ដហោះដ្រូនលើរោងចក្រប្រេងពីរកន្លែងរបស់ក្រុមហ៊ុន Aramco នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៤ ខែកញ្ញាកន្លងទៅ បានបង្កឱ្យមានការព្រួយបារម្ភ ជាច្រើនពីលទ្ធភាពនៃការផ្ទុះជម្លោះប្រដាប់អាវុធនៅក្នុងតំបន់មជ្ឈិមបូព៌ា ស្របពេលសំណុំរឿងនេះអាចនឹងត្រូវ បានមេដឹកនាំពិភពលោក លើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូលមហាសន្និបាត UN នៅក្នុងសប្ដាហ៍នេះ។

ក្រោយការវាយប្រហារនេះ ក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយ៉េមែន បានចេញមុខអះអាងថាខ្លួនជាអ្នកប្រព្រឹត្ត តែសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបានទម្លាក់ការទទួលខុសត្រូវទាំងអស់ទៅលើអ៊ីរ៉ង់ បើទោះជាទីក្រុង តេហេរ៉ង់បដិសេធក៏ដោយ។ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ បើសិនជាអ៊ីរ៉ង់ជាអ្នកធ្វើមែន តើអារ៉ាប៊ីសាអូឌីត ហ៊ានធ្វើអ្វីអ៊ីរ៉ង់ ឬក៏ទីក្រុងរីយ៉ាដហ៊ានបើកការវាយប្រហារមួយទល់នឹងមួយជាមួយអ៊ីរ៉ង់ដែរឬទេ ខណៈ សហរដ្ឋអាមេរិកបង្ហាញពីចេតនាចង់ដោះស្រាយបញ្ហាតាមផ្លូវការទូត។

*តើសង្រ្គាមអាចនឹងផ្ទុះឡើងឬទេ?

កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានបំពេញដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់រាជទាយាទ Mohammad Bin Salman សំដៅចាត់វិធានការសងសឹកទៅនឹងអ៊ីរ៉ង់។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Morgan Ortagus បានបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនោះ លោក ប៉ុមប៉េអូ និងព្រះអង្គម្ចាស់ Bin Salman មិនបានបង្ហាញពី ភាពប្រាកដប្រជាណាមួយក្នុងការប្រើប្រាស់កម្លាំងយោធាជាជម្រើសនោះទេ ដោយចង់ឱ្យសហគមន៍អន្តរជាតិ ទាំងមូលរួបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់។

ដោយឡែក ថ្លែងនៅលើ Twitter កាលពីថ្ងៃទី១៦ ខែកញ្ញាកន្លងទៅ សូម្បីលោក ដូណាល់ ត្រាំ ក៏បានអះអាង ដែរថាការប្រើប្រាស់កម្លាំងយោធាវាយប្រហារលើអ៊ីរ៉ង់ គឺជារឿងងាយស្រួលបំផុត តែលោកសុខចិត្តអត់ធ្មត់ ជាមួយទីក្រុងតេហេរ៉ង់ដើម្បីអ្នករាល់គ្នា ដោយគ្រាន់តែសម្រេចចិត្តដាក់ទណ្ឌកម្មលើធនាគារកណ្ដាលអ៊ីរ៉ង់ដើម្បី លួងចិត្តអារ៉ាប៊ីសាអូឌីតខ្លះតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត បើទោះជាទីក្រុងវ៉ាស៊ីនតោនប្រកាសបញ្ជូន កងទ័ពបន្ថែមទៅកាន់អារ៉ាប៊ីសាអូឌីតក៏ពិតមែន តែរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper ឱ្យដឹងថា ការបញ្ជូនកងទ័ពនេះធ្វើឡើងក្នុងចំនួនធម្មតា និងមានគោលដៅការពារសម្ព័ន្ធមិត្តរបស់ខ្លួន ពោលមិនមែនដើម្បី បើកការវាយប្រហារលើអ៊ីរ៉ង់ នោះទេ។

ដូច្នេះហើយតាមរយៈគោលជំហរបែបនេះ អ្នកជំនាញមួយចំនួនយល់ថាសង្រ្គាមជាមួយអ៊ីរ៉ង់ ទំនងជានឹងមិនផ្ទុះ ឡើងឡើយ ហើយបើសង្រ្គាមត្រូវកើតឡើងមែន នោះគឺវាត្រូវផ្ទុះឡើងតាំងតែពីថ្ងៃដែលអ៊ីរ៉ងបាញ់ទម្លាក់ យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿងកាលពីខែមិថុនា កន្លងមកម្លេះ។

* បើអ៊ីរ៉ង់ជាអ្នកធ្វើមែន តើអារ៉ាប៊ីសាអូឌីតហ៊ានធ្វើអ្វីអ៊ីរ៉ង់?

ក្រោយការវាយប្រហារនេះលើរោងចក្រប្រេងអារ៉ាប៊ីសាអូឌីត ក្រុមឧទ្ទាមហ៊ូទីនៅក្នុងប្រទេសយ៉េមែន បានចេញ មុខអះអាងថាខ្លួនជាអ្នកប្រព្រឹត្ត តែសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតបានទម្លាក់ការទទួលខុសត្រូវគ្រប់យ៉ាង ទៅលើអ៊ីរ៉ង់ បើទោះជាទីក្រុងតេហេរ៉ង់បដិសេធក៏ដោយ។ បន្ថែមពីលើនេះ នៅថ្ងៃចន្ទសប្ដាហ៍នេះដែរ បើទោះ ជាការស៊ើបអង្កេតកំពុងធ្វើឡើងក៏ដោយ ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍ រួមគ្នា ដោយអះអាងថាអ៊ីរ៉ង់គឺជាអ្នកនៅពីក្រោយខ្នងការវាយប្រហារនេះ។

យ៉ាងណាក៏ដោយ អ្វីដែលគេគ្រប់គ្នាទន្ទឹមរង់ចាំមើល នោះគឺថាចុះបើអ៊ីរ៉ង់ជាអ្នកធ្វើមែន តើអារ៉ាប៊ីសាអូឌីតហ៊ាន ធ្វើអ្វីអ៊ីរ៉ង់? ជុំវិញចម្លើយចំពោះសំណួនេះដែរ អ្នកជំនាញខ្លះយល់ថាអារ៉ាប៊ីសាអូឌីតនឹងមិនដឹកនាំការវាយប្រហារ ណាមួយដោយគ្មានជំនួយពីសហរដ្ឋអាមេរិកនោះទេ ស្របពេលទីក្រុងវ៉ាស៊ីនតោន ហាក់ដូចជាមិនបានបង្ហាញពី បំណងធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ។

ម្យ៉ាងវិញទៀត ទីក្រុងរីយ៉ាដ និងក្រុមចម្រុះអារ៉ាប់រាប់សិបប្រទេស រួមទាំងអាវុធទំនើបៗរបស់អាមេរិក មិនអាច ទាំងបង្រ្កាបក្រុមឧទ្ទាមហ៊ូទីដែលមានអ៊ីរ៉ង់ជាខ្នងបង្អែកនៅក្នុងប្រទេសយ៉េមែនបានផង។ ម្លោះហើយ ពួកអ្នកជំនាញសន្មត់ថាបើគ្មានការអនុញ្ញាត ឬគ្មានការចូលរួមពីសហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីតនឹងមិនហ៊ាន ធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់តែម្នាក់ឯងទេ។ ប៉ុន្តែ ទីក្រុងរីយ៉ាដ អាចនឹងបង្កើនការធ្វើប្រតិបត្តិការយោធាព្រមទាំង ការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទីនៅយ៉េមែន ក៏ដូចជាប្រមូលកម្លាំងអន្តរជាតិដាក់ ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ជាការសងសឹកជំនួសវិញ៕

ប្រភព៖ Middleeast Monitor (ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩)