(វ៉ាស៊ីនតោន)៖ អតីតមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកម្នាក់ឈ្មោះ រ៉ុន ហាន់សិន (Ron Hansen) ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារ ១០ឆ្នាំ ពីបទព្យាយាមលួចលក់ព័ត៌មានសម្ងាត់ទៅឲ្យចិន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩។
ក្រសួងយុត្តិធម៌អាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ បានចេញសេចក្តីប្រកាសឲ្យដឹងថា អតីតមន្រ្តីនៃទីភ្នាក់ងារស៊ើបការណ៍ ឲ្យវិស័យការពារជាតិអាមេរិក DIA លោក Ron Hansen ដែលបានសារភាពទោសកាលពីខែមីនា ឆ្នាំ២០១៩ថា បានប៉ុនប៉ងផ្តល់ព័ត៌មានសម្ងាត់ ពាក់ព័ន្ធវិស័យការពារជាតិរបស់របស់សហរដ្ឋអាមេរិក ទៅឲ្យប្រទេសចិននោះ នឹងត្រូវជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ។
ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ថា រដ្ឋាភិបាលចិនបានបន្តព្យាយាមស្វែងរក និងទិញទឹកចិត្តសមាជិកបច្ចុប្បន្ន និងអតីតសមាជិក នៃសហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលវាគឺជាបញ្ហាគួរឲ្យព្រួយបារម្ភមួយ។ ដូច្នេះហើយបុគ្គលទាំងនេះត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយរាយការណ៍ភ្លាមៗអំពីសកម្មភាពគួរឲ្យសង្ស័យណាមួយ។
គួរជម្រាបថា Ron Hansen ដែលមានអាយុ ៦០ឆ្នាំ ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន កាលពីឆ្នាំ២០១៨ នៅតាមផ្លូវបម្រុងនឹងឡើងយន្តហោះចេញពីទីក្រុង សៀតថល (Seattle) នៃរដ្ឋវ៉ាស៊ីនតោនស្តេត (Washington) ឆ្ពោះទៅកាន់ប្រទេសចិន ដោយមានព័ត៌មានសម្ងាត់យោធានៅជាប់ខ្លួន។ បើតាមក្រសួងយុត្តិធម៌អាមេរិក លោក Hansen ស្ថិតក្នុងចំណោមអតីតមន្រ្តីស៊ើបការណ៍សម្ងាត់អាមេរិកសរុប ០៣នាក់ ដែលត្រូវបានកាត់ទោសនាពេលថ្មីៗនេះពីបទលួចធ្វើការឲ្យចិន៕