(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីបានចេញមុខទទួលស្គាល់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក ស្កតត៍ ម៉ូរីសុន (Scott Morrison) ជួយក្នុងការស៊ើបអង្កេតទៅលើប្រភព ដែលផ្តើមឲ្យមានការស៊ើបអង្កេតរបស់ រដ្ឋអាជ្ញាពិសេសអាមេរិកលោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ដែលពាក់ព័ន្ធនឹងរឿងអាស្រូវចោទរុស្ស៊ីថា បានចូលលូកលាន់ដំណើរការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦ ហើយអាចលួចមានទំនាក់ទំនងជាមួយក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃអង្គារនេះ រដ្ឋាភិបាលអូស្រ្តាលីបានលើកឡើងថា អូស្រ្តាលីតែងតែបានត្រៀមលក្ខណៈជានិច្ច ដើម្បីជួយក៏ដូចជាសហការ ក្នុងកិច្ចប្រឹងប្រែងដើម្បីវែកញែកឲ្យកាន់តែច្បាស់ថែមទៀតអំពីបញ្ហា ដែលស្ថិតក្រោមការស៊ើបអង្កេត ហើយលោក Morrison បានបញ្ជាក់ពីគោលជំហរត្រៀមខ្លួននេះម្តងទៀត ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ។
សារព័ត៌មានអាមេរិក New York Times ទើបតែបានចុះផ្សាយថា កំឡុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលកន្លងទៅនេះ លោក ត្រាំ បានស្នើលោក Morrison ឲ្យជួយប្រមែប្រមូលព័ត៌មានសម្រាប់ការស៊ើបអង្កេត របស់ក្រសួងយុត្តិធម៌អាមេរិកទៅលើប្រភពនានា នៃការស៊ើបអង្កេតរបស់លោក Mueller។
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងយុត្តិធម៌អាមេរិក លោកស្រី ឃែរី គូភិច (Kerri Kupec) បាននិយាយថា រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក លោក វីលៀម បារ (William Barr) បានស្នើលោក ដូណាល់ ត្រាំ ឲ្យទាក់ទងទៅប្រទេសដទៃ ដើម្បីប្រាប់ពីដំណើរការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌អាមេរិក ពាក់ព័ន្ធនឹងប្រភពនៃការស៊ើបអង្កេតរបស់លោក Mueller ហើយសុំឲ្យពួកគេជួយ។ បើតាមលោកស្រី Kupec ក្រសួងយុត្តិធម៌អាមេរិក កំពុងប្រមែប្រមូលព័ត៌មានពីប្រភពជាច្រើន រួមមានពីបរទេសផងដែរ។
ដោយឡែក ការស៊ើបអង្កេតរបស់លោក Robert Mueller បានបញ្ចប់ទៅកាលពីប៉ុន្មានខែមុន ដោយរដ្ឋអាជ្ញាពិសេសរូបនេះ បានចេញរបាយការណ៍ចុងក្រោយមួយដែលបញ្ជាក់ថា ការស៊ើបអង្កេតរបស់លោកពុំបានរកឃើញភស្តុតាងណាមួយ ដែលអាចបង្ហាញពីការលួចសមគំនិតគ្នារវាងលោក ដូណាល់ ត្រាំ និងរដ្ឋាភិបាលរុស្ស៊ី កំឡុងការធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ នោះឡើយ។
គួរជម្រាបថា ដំណឹងនៃកិច្ចសន្ទនារវាងលោក ត្រាំ និង លោក Morrison បានកើតមានឡើង ចំពេលដែលលោក ត្រាំ កំពុងតែប្រឈមនឹងរឿងអាស្រូវនយោបាយដ៏កក្តៅគគុកថ្មីមួយទៀត បន្ទាប់ពីមានការទម្លាយឲ្យដឹងថា លោក ដូណាល់ ត្រាំ បានដាក់ស្នើឲ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀន ហ្សេឡិនស្កាយ (Volodymyr Zelensky) កំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយ កាលពីខែកក្កដា ដោយលោក ត្រាំ បានស្នើឲ្យលោក Zelensky ស៊ើបសំណុំរឿងពុករលួយ ដែលពាក់ព័ន្ធនឹងកូនប្រុសរបស់អតីតអនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២០។
សភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យអាមេរិក ក៏បានសម្រេចចាប់ផ្តើមនីតិវិធីចោទប្រកាន់ជាផ្លូវការលើលោក ត្រាំ ដើម្បីឈានដល់ការទម្លាក់រូបលោកចេញពីតំណែង ក្រោមហេតុផលថា លោក ត្រាំ បានគំរាមកំហែងលើរដ្ឋាភិបាលបរទេស ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន៕