(ព្យុងយ៉ាង)៖ រដ្ឋាភិបាលកូរ៉េខាងជើងនាថ្ងៃអង្គារនេះបានប្រកាសថា ខ្លួននឹងបន្តកិច្ចចរចានុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក នាថ្ងៃសៅរ៍ចុងក្រោយសប្តាហ៍នេះតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son Hui) បានឲ្យដឹងថា សហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងជើង បានព្រមព្រៀងគ្នាចាប់ផ្តើមពិភាក្សា ក្នុងកម្រិតការងារសាជាថ្មីឡើងវិញនៅថ្ងៃទី០៥ ខែតុលា បន្ទាប់ពីការទាក់ទងគ្នាជាបឋមនៅថ្ងៃទី០៤ ខែតុលា។ ជាមួយគ្នានេះ លោកស្រីបានបង្ហាញក្តីសង្ឃឹមថា ការបន្តកិច្ចចរចាឡើងវិញនេះ នឹងជួយពន្លឿនការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
គួរជម្រាបថា វានឹងជាកិច្ចជួបពិភាក្សាផ្លូវការលើកដំបូងរវាងភាគីទាំងពីរ គិតចាប់តាំងតែពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជួបប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅព្រំដែនអន្តរកូរ៉េកាលពីខែមិថុនា ហើយសន្យាបន្តការសន្ទនាឡើងវិញ។ យ៉ាងណាមិញលោកស្រី Choe មិនបានបញ្ជាក់ឲ្យច្បាស់ថា កិច្ចចរចាថ្ងៃសៅរ៍ខាងមុខនេះនឹងត្រូវរៀបចំឡើងនៅកន្លែងណាឲ្យប្រាកដនោះឡើយ។
ដំណើរការចរចានុយក្លេអ៊ែររវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានស្ថិតក្រោមការជាប់គាំង តាំងតែពីកិច្ចប្រជុំកំពូលជាលើកទីពីររវាងលោក ត្រាំ និងលោក គីម នៅទីក្រុងហាណូយនៃប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានបិទបញ្ចប់ទៅយ៉ាងទាន់ហន់ ដោយពុំមានលទ្ធផលអ្វីទាំងអស់។ កំឡុងការជួបមុខគ្នាម្តងទៀត តែក្នុងលក្ខណៈមិនផ្លូវការនៅតំបន់ព្រំដែនអន្តរកូរ៉េ កាលពីខែមិថុនា មេដឹកនាំប្រទេសទាំងពីរបានសន្យាថា នឹងចាប់ផ្តើមការចរចាឡើងវិញ ប៉ុន្តែការជាប់គាំងបានបន្តរហូតមកទល់ខែតុលានេះ ទើបមានសេចក្តីប្រកាសខាងលើ ដែលថានឹងចាប់ផ្តើមឡើងវិញនាចុងសប្តាហ៍នេះ៕