(វ៉ាស៊ីនតោន)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) អាចនឹងត្រូវបានគេបោះឆ្នោតទម្លាក់ចេញពីតំណែង ដើម្បីបញ្ជៀសកុំឱ្យការបោះឆ្នោតសកលលើកទី ៣ កើតឡើង បន្ទាប់ពីគណបក្ស Blue and White Party ដឹកនាំដោយលោក ប៊ែននី ហ្គេនស៍ (Benny Gantz) បដិសេធចូលរួមក្នុងកិច្ចចរចាបង្កើតរដ្ឋាភិបាលចំរុះ។ នេះបើតាមសម្តីអ្នកវិភាគមួយរូប ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។
លោក មីតឈែល ភ្លីតនីក (Mitchell Plitnick) ជាអ្នកវិភាគនយោបាយម្នាក់ បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik ក្នុងសប្ដាហ៍នេះ។ លោក Plitnick បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សំណួរដ៏សំខាន់នោះគឺតើលោក Netanyahu អាចនឹងត្រូវបានគេទម្លាក់ចេញពីតំណែងនោះទេ?... ពិតប្រាកដក្នុងពេលបច្ចុប្បន្ន រឿងបែបនេះមិនអាចទៅរួចឡើយ ព្រោះអំណាចរបស់លោកនៅក្នុងបក្ស Likud ពិតជាធំខ្លាំងណាស់... ប៉ុន្តែខណៈប្រជាជនអ៊ីស្រាអែល កំពុងធុញទ្រាន់នឹងការបោះឆ្នោតម្ដងហើយម្ដងទៀត ខ្ញុំគិតថាបើសិនអ្នកគាំទ្រគណបក្ស លីគូដ (Likud) រត់ទៅគាំទ្រគណបក្សដទៃនោះគណបក្សកាន់អំណាចមួយនេះ អាចនឹងបោះឆ្នោតប្រឆាំងនឹងលោក Netanyahu»។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះគណបក្ស Blue and White ដឹកនាំដោយលោក Benny Gantz បានប្រកាសថា ខ្លួននឹងមិនជួបចរចាជាមួយក្រុមអ្នកចរចាមកពីគណបក្ស Likud របស់លោក Netanyahu ឡើយ ដោយសារតែលក្ខខណ្ឌរបស់ខ្លួនជាច្រើនមិនត្រូវបានបំពេញ។ នៅអ៊ីស្រាអែល ទោះបីជាគណបក្សមួយឈ្នះនៅក្នុងការបោះឆ្នោតក៏ដោយ ក៏ពួកគេមិនអាចដឹកនាំប្រទេស ឬបង្កើតរដ្ឋាភិបាលតែម្នាក់បាននោះដែរ ពោលគឺត្រូវបង្កើតរដ្ឋាភិបាលចំរុះជាមុនសិន៕