(ម៉ូស្គូ)៖ ប៉ូលិសហុងកុងបានឱ្យដឹងថា មនុស្សច្រើនជាង ១៨០នាក់ត្រូវបានចាប់ឃុំខ្លួន កំឡុងបាតុកម្មតវ៉ាក្នុងទីក្រុងហុងកុងកាលពីថ្ងៃអង្គារ ពោលគឺចំថ្ងៃប្រារព្ធខួបលើកទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រមានិតចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩។
យោងតាមប៉ូលិសហុងកុង មន្ត្រីប៉ូលិសរបស់ខ្លួន ២៥នាក់ ក៏បានរងរបួសផងដែរនៅក្នុងការ ប៉ះទង្គិចដ៏ហិង្សាជាមួយក្រុមបាតុករ។ ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកវិញ មនុស្ស ៣០នាក់បានរងរបួស ក្នុងនោះមានពីរនាក់រងរបួសធ្ងន់។ អាជ្ញាធរហុងកុងបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលដោយគា្មនការអនុញ្ញាត ដែលបានបំផ្លាញទ្រព្យសម្បត្តិរដ្ឋ និងអគារជាច្រើន ក្នុងនោះរួមទាំងអគាររដ្ឋាភិបាល ហើយនេះមិនទាន់រាប់ចូលការខូចខាតដល់សេដ្ឋកិច្ចផង។
គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះ ក៏មានសេចក្តីរាយការណ៍ផងដែរថា យោធាចិនត្រូវបានបង្កើនចំនួនទ្វេដងនៅទីក្រុងហ្សិនជិន ជាប់ព្រំដែនទីក្រុងហុងកុង នៅក្នុងឱកាសដែលទីក្រុងប៉េកាំងកំពុងប្រារព្ធខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ ការធ្វើបែបនេះត្រូវបានគេមើលឃើញថា ស្ថិតក្នុងន័យបង្កើនកិច្ចការពារសន្តិសុខ ខណៈសកម្មភាពបាតុកម្មនៅហុងកុង នៅតែមិនទាន់ថមថយ៕