(បាកដាដ)៖ ចំនួនមនុស្សស្លាប់ក្នុងបាតុកម្មដ៏ក្តៅគគុក នៅប្រទេសអ៊ីរ៉ាក់បានកើនដល់ ៣១នាក់ ខណៈជិត ១,២០០នាក់ទៀតបានទទួលរងរបួស ខណៈអ្នកវិភាគមួយចំនួនបានគំរាមថា រដ្ឋប្រហារមួយអាចនឹងផ្ទុះឡើង ដើម្បីផ្តួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។
នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រភពពីឧត្តមស្នងការសិទ្ធិមនុស្សប្រចាំនៅអ៊ីរ៉ាក់បានឲ្យដឹងថា ចំនួនអ្នកបាត់បង់ជីវិតបានកើនដល់ ៣១នាក់ រីឯអ្នករងរបួសបានកើនដល់ ១,១៨៨នាក់ ក្នុងបាតុកម្មដែលបានចាប់ផ្តើមផ្ទុះឡើងតាំងតែពីថ្ងៃអង្គារ ហើយកំពុងបន្តរីករាលដាលកាន់ខ្លាំង នៅក្នុងរដ្ឋធានីបាកដាដ ដើម្បីប្រឆាំងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi)។ នៅតាមតំបន់ដទៃទៀតនៃប្រទេសអ៊ីរ៉ាក់ ក៏មានសកម្មភាពតវ៉ាស្រដៀងគ្នានេះដែរ។
គួរជម្រាបថា អាជ្ញាធរអ៊ីរ៉ាក់បានដាក់ចេញបម្រាមគោចរ នៅទីក្រុងបាកដាដ ព្រមទាំងតំបន់មួយចំនួនទៀត ប៉ុន្តែការធ្វើបាតុកម្មនៅតែបន្ត។ មិនតែប៉ុណ្ណោះ អាជ្ញាធរអ៊ីរ៉ាក់ក៏បានបិទបណ្តាញអ៊ីនធឺណែត នៅទូទាំងរដ្ឋធានីបាកដាដ រួមជាមួយតំបន់មួយចំនួនទៀត ដែលស្ថិតនៅភាគកណ្តាលនិងភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ ជាមួយគ្នានេះការឆ្លងព្រំដែនជាប់ប្រទេសអ៊ីរ៉ង់ ក៏ត្រូវបានផ្អាកផងដែរ។
ក្រុមបាតុករទាំងនេះនាំគ្នាធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល និងសម្ដែងការខឹងសម្បារចំពោះអំពើពុករលួយ, វិបត្តិគ្មានការងារធ្វើ ព្រមទាំងទាមទារជីវិតរស់នៅតាមបែបស្ដង់ដារសមរម្យ៕