(ញូដេលី)៖ មេដឹកនាំគណបក្សប្រឆាំង និងជាអតីតអគ្គរដ្ឋទូតឥណ្ឌាប្រចាំអង្គការសហប្រជាជាតិ លោក Shashi Tharoor បានចំអកឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំសម្រាប់ការហៅនាយករដ្ឋមន្ត្រី លោក Narendra Modi ថាជា«បិតានៃប្រទេសឥណ្ឌា»។ នេះបើតាមការដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។
ថ្លែងនៅឯពិធីជួបជុំមួយក្នុងទីក្រុង Indore នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Shashi បានលើកឡើង ដូច្នេះថា៖ « មើលទៅ! ប្រហែលជាលោក ដូណាល់ ត្រាំ មិនដឹងថាឯករាជ្យនៃប្រទេសឥណ្ឌា កើតនៅឆ្នាំ ១៩៤៧ ហើយថ្ងៃកំណើតរបស់លោក Modi គឺនៅឆ្នាំ១៩៤៩ ឬឆ្នាំ១៩៥០ នោះទេ។ ដូច្នេះតើនៅលើលោក នេះដែលមានដែរឬទេ? កូនកើតមុនឪ»។
គួរបញ្ជាក់ថា នៅក្នុងជំនួបនាឱកាសលោក Modi បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក កាលពីខែកញ្ញា កន្លងទៅ លោក ដូណាល់ ត្រាំ បានហៅនាយករដ្ឋមន្ត្រីរូបនេះថាជា «បិតានៃប្រទេសឥណ្ឌា» សម្រាប់ ការបំពេញការងារដ៏អស្ចារ្យជាច្រើន ក្នុងនាមជាមេដឹកនាំឥណ្ឌាម្នាក់៕