(គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាំម៉ាត់ នៅថ្ងៃសុក្រនេះ បាននិយាយថា មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) គួរតែចុះចេញពីតំណែង ខណៈបាតុកម្មដ៏រុំារ៉ៃប៉ុន្មានខែមកនេះ កំពុងបំផ្លាញសេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់យ៉ាងខ្លាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីក្រុងគូឡាឡាំពួរលោក មហាធៀ បានគូសបញ្ជាក់ដូច្នេះថា «លោកស្រីនាយកប្រតិបត្តិ (Carrie Lam) គួរតែគោរពចៅហ្វាយនាយ ហើយក្នុងពេលជាមួយគ្នាលោកស្រីក៏គួរសួរសតិសម្ប ជញ្ញៈខ្លួនឯងដែរ... សតិសម្បជញ្ញៈនោះគឺប្រជាជនហុងកុងមានសិទ្ធិជំទាស់នឹងច្បាប់ ប៉ុន្តែលោកស្រីក៏បានដឹងដែរពីផលវិបាក នៃការជំទាស់នឹងច្បាប់នេះដែរ។ តែយ៉ាងណាក៏ដោយ ក្នុងនាមជាមេដឹកនាំម្នាក់ខ្ញុំគិតថា ជម្រើសដ៏ល្អសម្រាប់លោកស្រីគឺលាលែងចេញពីតំណែង»។
បន្ថែមពីលើ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៤ឆ្នាំរូបនេះក៏បានសន្និដ្ឋានដែរថា ចិនអាចនឹងចាត់វិធានការប្រឆាំងនឹងក្រុមបាតុករក្រុងហុងកុង ដូចដែលខ្លួនធ្លាប់បានធ្វើដាក់ ក្រុមបាតុករនិស្សិតប្រជាធិបតេយ្យនៅឯទីលាន ធានអានមិន (Tiananmen) កាលពីឆ្នាំ១៩៨៩ នោះក៏ថាបាន។ លោក មហាធៀ បានបន្ថែមយ៉ាងដូច្នេះថា «ជាការពិតណាស់ ពួកគេ (ចិន) បានអនុញ្ញាតអ្នកធ្វើបាតុកម្ម ប៉ុន្តែបើសិនវាជាជម្រើសចុងក្រោយ ពួកគេនឹងធ្វើអ្វីដែលពួកគេត្រូវតែធ្វើ...»។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រុនេះនាយកប្រតិបត្តិក្រុងហុងកុងលោកស្រី Carrie Lam បានប្រកាសដាក់ឱ្យអនុវត្តនូវច្បាប់ហាមពាក់ម៉ាស់បិទមុខ ឬរបាំងមុខ នៅឯកន្លែងប្រមូលផ្ដុំសាធារណៈ ជាពិសេសកំឡុងធ្វើបាតុកម្មតវ៉ាតែម្ដង បើទោះជាបាតុករក្រុងហុងកុង គំរាមធ្វើបាតុកម្មប្រឆាំងនឹងច្បាប់នេះកាន់តែខ្លាំងក៏ដោយ៕