(តូក្យូ)៖ ក្រសួងការបរទេសជប៉ុនបានដាក់ កំណត់ទូតប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ជុំវិញករណីនាវាល្បាតជប៉ុនមួយគ្រឿង ប៉ះគ្នាជាមួយទូកមួយគ្រឿងទៀត ដែលជាទូកនេសាទរបស់កូរ៉េខាងជើង ខណៈជប៉ុនបានចោទប្រកាន់ថា ចូលមកនេសាទដោយខុសច្បាប់នៅក្នុងដែនសមុទ្រជប៉ុន។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុន កំណត់ទូតខាងលើត្រូវបានប្រគល់ទៅរដ្ឋាភិបាលកូរ៉េខាងជើង តាមរយៈស្ថានទូតរបស់ជប៉ុន ប្រចាំនៅទីក្រុងប៉េកាំងនៃប្រទេសចិន ដោយសារតែប្រទេសជប៉ុន និងកូរ៉េខាងជើង ពុំមានទំនាក់ទំនងការទូតផ្លូវការនោះឡើយ។ ហេតុការណ៍ ខាងលើបានកើតឡើងកាលពីថ្ងៃចន្ទម្សិលមិញនេះ នៅចម្ងាយជិត ៣០០គីឡូម៉ែត្រពីឧបទ្វីបណូតុ (Noto) ដែលស្ថិតនៅក្នុងតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
គួរជម្រាបថា បើតាមសេចក្តីរាយការណ័ព័ត៌មាន ទូកនេសាទកូរ៉េខាងជើងបានលិច ក្រោយការប៉ះគ្នា ហើយមនុស្សប្រហែលជា ៦០នាក់ ត្រូវបានអាជ្ញាធជប៉ុនជួយសង្រ្គោះ។ ជារឿយៗកងឆ្មាំសមុទ្រជប៉ុន និងទីភ្នាក់ងារជលផលជប៉ុន តែងបញ្ជូននាវាល្បាតទៅកាន់តំបន់ខាងលើ ដើម្បីទប់ស្កាត់បទល្មើសនេសាទផ្សេងៗ ខណៈតំបន់ខាងលើនេះត្រូវបានគេទទួលស្គាល់ថា ជាកន្លែងដែលពេញនិយមបំផុតនៅក្នុងការនេសាទ៕