(ហុងកុង)៖ នាថ្ងៃអង្គារប៉ូលិសហុងកុងបានប្រាប់អ្នកសារព័ត៌មានថា បាតុករសរុប ៧៧នាក់ត្រូវបានឃាត់ខ្លួនដោយសារតែល្មើសច្បាប់ ដែលទើបត្រូវបានដាក់ឲ្យអនុវត្តថ្មី ស្តីពីការហាមឃាត់មិនឲ្យពាក់ម៉ាស់ ឬក៏របាំងមុខពេលធ្វើបាតុកម្ម។ នេះបើតាមការផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០១៩។
ប៉ូលិសហុងកុងបានបញ្ជាក់ថា គិតតាំងពីការចាប់ផ្តើមអនុវត្តច្បាប់ខាងលើ កាលពីចុងសប្តាហ៍មុនមនុស្សចំនួន ៧៧នាក់ហើយត្រូវបានចាប់ខ្លួន ដោយក្នុងនោះមានអ្នកខ្លះអាយុត្រឹម ១២ឆ្នាំថែមទៀតផង។ អ្នកដែលត្រូវបានឃាត់ខ្លួន ៧៤នាក់ត្រូវបានប៉ូលិសចាប់ ដោយសារការនៅចចេសប្រើម៉ាស់ និងរបាំងមុខពេលធ្វើសកម្មភាពតវ៉ា ខណៈ០៣នាក់ទៀត គឺដោយសារមិនព្រមធ្វើតាមប៉ូលិស ដែលបានស្នើឲ្យពួកគេដកម៉ាស់មុខចេញ។
បើតាមប៉ូលិសហុងកុង កំឡុងបាតុកម្មនាចុងសប្តាហ៍មុននេះ អំពើហិង្សានៅតែបន្តផ្ទុះឡើង ដោយក្រុមបាតុករបានដុតអគារ និងចោលគ្រាប់បែកសាំងលើប៉ូលិស ហើយវាយទាត់ធាក់លើជនសាមញ្ញ ដែលមានទស្សនៈផ្ទុយពីពួកគេឲ្យរបួសធ្ងន់ធ្ងរ។ ជាមួយគ្នានេះភ្លើងសញ្ញាចរាចរណ៍រាប់សិបកន្លែង និងស្ថានីយរថភ្លើង ក៏បានរងការបំផ្លិចបំផ្លាញ យ៉ាងចាស់ដៃផងដែរ។
ជាការព្រមានចំពោះស្ថានការណ៍កាន់តែអាក្រក់ឡើងៗ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានលើកឡើងថា យោធាចិនអាចនឹងចូលធ្វើអន្តរាគមន៍ ដើម្បីបញ្ចប់បញ្ហា ខណៈចលនាបាតុកម្មគឺលែងប្រព្រឹត្តទៅ ដោយសន្តិភាពទៀតហើយនោះ៕