(អង់ការ៉ា)៖ ទីប្រឹក្សាប្រធានាធិបតីតួកគីបានឲ្យដឹងថា លោក អឺដូហ្គាន់ និងលោក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នាផ្ទេរការដឹកនាំយុទ្ធនាការកម្ទេចក្រុមភេរវករ ISIS នៅស៊ីរីមកឲ្យតួកគី។ ហេតុដូចនេះតួកគីនឹងលើកទ័ពឆ្លងចូលទឹកដីភាគខាងជើងប្រទេសស៊ីរី ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៩ ខែតុលា ឆ្នាំ២០១៩។
លោក ហ្វាហារ៉េតទីន អាល់ថាន់ (Faharettin Altun) ជាទីប្រឹក្សាផ្នែកទំនាក់ទំនងរបស់លោក អឺដូហ្គាន់ បានបញ្ជាក់ថា កម្លាំងយោធាតួកគីនឹងធ្វើប្រតិបត្តិការជាមួយកងកម្លាំងប្រជាធិតេយ្យស៊ីរី (FSA) ហើយលោកបានទទូចឲ្យក្រុមអ្នកប្រយុទ្ធឃើដ ដែលនៅតំបន់ភាគខាងជើងស៊ីរី មកចូលរួមជាមួយតួកគី ប៉ុន្តែប្រសិនបើពួកគេចង់តតាំងជាមួយយោធាតួកគី នោះតួកគីនឹងគ្មានជម្រៅអ្វីផ្សេងក្រៅពីកម្ចាត់ពួកគេ កុំឲ្យបង្កភាពរាំងស្ទះដល់យុទ្ធនាការកម្ទេចក្រុម ISIS នោះឡើយ។
ក្រុមអ្នកប្រយុទ្ធឃើដត្រូវបានតួកគីចាត់ទុកថា ជាការគំរាមកំហែងមួយចំពោះសន្តិសុខជាតិរបស់ខ្លួន ហើយតួកគីធ្លាប់បានព្រមានជាដដែលៗថា នឹងបើកប្រតិបត្តិការយោធានៅភាគខាងជើងស៊ីរី ក្រោមគោលដៅចង់វាយបណ្តេញពួកគេចេញពីតំបន់នោះ។ ដោយឡែកសហរដ្ឋអាមេរិកបានចាប់ផ្តើមកងទ័ពចេញពីតំបន់ភាគខាងជើងស៊ីរី និងបានប្រកាសថា ខ្លួនមិនគាំទ្រ ឬចូលរួមពាក់ព័ន្ធ ជាមួយគម្រោងបើកប្រតិបត្តិការយោធារបស់តួកគីឡើយ៕