(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើសង្រ្គាមរបស់សហរដ្ឋអាមេរិក រាប់ទសវត្សរ៍មកនេះក្នុងតំបន់មជ្ឈិមបូព៌ា ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយលោកផ្ទាល់ចាត់ទុកថា វាជាការសម្រេចចិត្តដ៏អាក្រក់បំផុតនៃប្រវត្តិសាស្ត្រអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅសប្ដាហ៍នេះលោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានប្រឡូកចូលក្នុងសង្រ្គាមជាមួយកំហុសឆ្គង ហើយមកទល់បច្ចុប្បន្នគ្មានភស្ដុតាងណាមួយថា អ៊ីរ៉ាក់មានអាវុធប្រល័យលោកនោះទេ... កងទ័ពអាមេរិកជាច្រើនបានបាត់បង់ជីវិត និងរងរបួស រីឯមនុស្សជាច្រើនលាននាក់បានស្លាប់ ហើយយើងបានចំណាយលុយអត់ប្រយោជន៍ក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ាជាង ៨ទ្រីលានដុល្លារ ដែលនេះគឺជាការសម្រេចចិត្តដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរបស់យើង»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា ជាការពារការសម្រេចចិត្តរបស់លោកជុំវិញការដកកងទ័ពអាមេរិក ចេញពីតំបន់ភាគឦសាននៃប្រទេសស៊ីរី ដោយទុកឱ្យក្រុមសកម្មប្រយុទ្ធឃើដដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន ប្រឈមមុខតែម្នាក់ឯងជាមួយតួកគី ដែលកំពុងបើកប្រតិបត្តិការយោធា បោសសម្អាតក្រុមសកម្មប្រយុទ្ធឃើដ៕