(វ៉ាស៊ីនតោន)៖ ក្រុមមន្រ្តីជាន់ខ្ពស់ចិននិងសហរដ្ឋអាមេរិក នឹងត្រូវជួបមុខគ្នាសាជាថ្មីនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីរកច្រកចេញពីសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។
ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He រួមទាំងប្រធានទីភ្នាក់ងារគោលនយោបាយពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer និងរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ត្រូវគេរំពឹងថានឹងព្យាយាមកាត់បន្ថយការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ ជាមួយក្តីសង្ឃឹមថា នឹងអាចបញ្ចៀសការបន្តដំឡើងពន្ធដាក់គ្នានាពេលខាងមុខ។ រីឯ លោក ដូណាល់ ត្រាំ ក៏បានបង្ហាញភាពជឿជាក់ដែរថា អាមេរិកនិងចិនមានឱកាសល្អ ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងទូលំទូលាយមួយបញ្ចប់សង្រ្គាមពាណិជ្ជកម្ម រវាងមហាយក្សសេដ្ឋកិច្ចទាំងពីរ ដែលបានអូសបន្លាសអស់រយៈពេលជាង ១៥ខែមកហើយ។
យ៉ាងណាមិញ បរិយាកាសជុំវិញការចាប់ផ្តើមកិច្ចចរចាឡើងវិញនេះ ហាក់បានអួរអាប់ដោយសារការសម្រេចចិត្តរបស់អាមេរិក កាលពីដើមសប្តាហ៍នេះ ដែលបានកាត់ឈ្មោះក្រុមហ៊ុន និងស្ថាប័នចិនចំនួន២៨ ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់ខ្លួន ដោយយោងលើការចោទប្រកាន់ថា ចិនរំលោភសិទ្ធិមនុស្សលើជនជាតិម៉ូស្លីមនៅខេត្ត Xinjiang ប្រទេសចិន។ បន្ថែមពីនេះ ក៏មានការរឹតត្បិតទិដ្ឋាការរបស់មន្រ្តីអាមេរិក ទាក់ទិននឹងបញ្ហាដូចគ្នានេះដែរ។
គួរជម្រាបថា ប្រសិនបើកិច្ចចរចាជុំថ្មីនេះ នៅតែមិនទទួលបានលទ្ធផលវិជ្ជមាននោះ នៅថ្ងៃទី១៥ ខែធ្នូ ទំនិញចិនដែលនាំចូលមកកាន់សហរដ្ឋអាមេរិក ពោលគឺទំហំជាង៥០០ពាន់លានដុល្លារ នឹងត្រូវស្ថិតក្រោមចំណាត់ការដំឡើងពន្ធរបស់អាមេរិក ស្ទើរតែទាំងអស់៕