(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មិនបានយល់ព្រម ឬក៏បើកផ្លូវបៃតងឱ្យតួកគីបើកប្រតិបត្តិការយោធា វាយលុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរី ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ នោះទេ។ នេះបើតាម លោក ម៉ៃក៍ ប៉ុមប៉េអូ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ PBS រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានការពារផងដែរ ការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ក្នុងការដកកងទ័ពអាមេរិក ចេញពីតំបន់ ភាគខាងជើងប្រទេសស៊ីរី ជាប់ព្រំដែនជាមួយតួកគី ដែលកំពុងបើកការវាយប្រហារលើក្រុមសកម្មប្រយុទ្ធ ឃើដ YPG ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក តែទីក្រុងអង់ការ៉ាចាត់ទុកថាជាភេរវករ។
លោក ប៉ុមប៉េអូ បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «សហរដ្ឋអាមេរិក មិនបានយល់ព្រមឱ្យតួកគី បើកការ វាយលុកចូលតំបន់ភាគខាងជើងប្រទេសស៊ីរីនោះទេ ហើយរបាយការណ៍ថាយើងបានអនុញ្ញាតឱ្យតួកគី ធ្វើប្រតិបត្តិការយោធាប្រឆាំងកងកម្លាំងឃើដ គឺជារឿងមិនពិត»។
គួរបញ្ជាក់ថា កងទ័ពតួកគី បានចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាវាយលុចចូលតំបន់ភាគខាងជើង ប្រទេស ស៊ីរី កាលពីថ្ងៃពុធម្សិលមិញ ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាពសម្រាប់ជនភៀសខ្លូន និងកម្ទេច ក្រុមសកម្មប្រយុទ្ធឃើដ YPG។ YPG ត្រូវបានទីក្រុងអង់ការ៉ា ចាត់ទុកថាជាពួកភេរវករ តែកងកម្លាំង ឃើដមួយនេះគឺជាសម្ព័ន្ធមិត្ត ដែលបានជួយសហរដ្ឋអាមេរិក វាយកម្ចាត់ពួក ISIS នៅស៊ីរី។ ដូច្នេះហើយ ទើបពួកគេចោទថាការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ « គឺជាទង្វើលួចចាក់សម្ព័ន្ធមិត្តពីក្រោយ
ខ្នង» បើទោះជាលោកអះអាងថានឹងមិនបោះបង់ចោលពួកគេក៏ដោយ៕