(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានទាត់ចោលគោលនយោបាយ «ប្រទេសមួយប្រព័ន្ធពីរ» ដោយចោទថា ចិនចង់ប្រើប្រាស់គោលនយោបាយនេះ ដើម្បីបង្កចលាចលនៅកោះតៃវ៉ាន់ដូចនៅទីក្រុងហុងកុង ដែលកំពុងប្រឈមមុខនឹងបាតុកម្មហិង្សាដ៏រុំារ៉ៃ អស់រយៈជាច្រើនខែមកហើយ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
ការកត់សម្គាល់ខាងលើរបស់លោកស្រី Tsai Ing-wen ធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំថ្ងៃបុណ្យជាតិរបស់កោះតៃវ៉ាន់ ហើយលោកស្រីផ្ទាល់ក៏បានសន្យា នៅមុនការបោះឆ្នោតសកលមកដល់ផងដែរថា នឹងការពារបូរណភាពទឹកដី និងប្រជាធិបតេយ្យរបស់តៃវ៉ាន់ ប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់មហាយក្សចិន។
លោកស្រី Tsai បានគូសបញ្ជាក់ដូច្នេះថា «ចិននៅតែគំរាមកំហែង និងបង្ខំឱ្យតៃវ៉ាន់ ដើរតាមគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ... ហើយនៅពេលដែលសេរីភាព និងប្រជាធិបតេយ្យត្រូវបានគំរាមកំហែង យើងចាំបាច់ត្រូវតែងើបឈរឡើងដើម្បីការពារខ្លួនឯង។ ដូច្នេះប្រជាជនតៃវ៉ាន់ ២៣លាននាក់ មិនអាចទទួលយកបានឡើយ
គោលនយោបាយ ប្រទេសមួយប្រព័ន្ធពីរ ព្រោះវាអាចនឹងគំរាមកំហែងដល់សនិ្តភាព និងស្ថេរភាពនៅក្នុងតំបន់ ជាពិសេសគឺភាពចលាចលដែលកំពុងឡើងនៅក្រុងហុងកុង»។
គួរជម្រាបថា តៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រារព្ធបុណ្យជាតិរំលឹកដល់ការចាប់ផ្ដើមធ្វើបដិវត្តន៍ នៅឆ្នាំ១៩១១ ដែលនាំទៅរកការផ្ដួលរំលំរបស់រាជានិយមនៅក្នុងប្រទេសចិន និងបង្កើតរបបសាធារណរដ្ឋ មកទល់នឹងពេលបច្ចុប្បន្ន៕