(តូក្យូ)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនត្រូវបានគេរាយការណ៍ថា បានផ្អាករាល់ជើងហោះហើរទាំងអស់នៅក្នុងស្រុក ដែលគ្រោងចាកចេញពីអាកាសយានដ្ឋានទីក្រុងតូក្យូ ខណៈសេវាកម្មធ្វើដំណើរ និងដឹកជញ្ជូនតាមរថភ្លើងក៏ត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្នផងដែរ ស្របពេលដែលព្យុះទីហ្វុង ហាជីប៊ីស (Hagibis) កំពុងសំដៅមកវាយប្រហារប្រទេសជប៉ុន នៅចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័តមាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩។
ដោយសារតែឥទ្ធិពលព្យុះទីហ្វុង Hagibis អាជ្ញាធរបានលុបចោលការប្រកួតបាល់អោបពិភពលោក រួមទាំងការប្រកួតប្រណាំងរថយន្ដហោះ Formula One ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។ លើសពីនេះទៅទៀត អាជ្ញាធរឧតុនិយមជប៉ុនក៏បានព្រមានដែរថាព្យុះទីហ្វុងមួយនេះ អាចនឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ដែលនឹងវាយប្រហារលើទីក្រុងតូក្យូ គិតចាប់តាំងពីឆ្នាំ១៩៥៨ ដែលកាលណោះជប៉ុនពិតរងគ្រោះធ្ងន់ធ្ងរណាស់ ដោយសារព្យុះទីហ្វុងឈ្មោះអ៊ីដា (Ida) ព្រោះប្រជាជនសរុបចំនួន ១,២៦៩នាក់បានស្លាប់ និងបាត់ខ្លួន ខណៈផ្ទះសម្បែងជាង ១៦,០០០ខ្នងត្រូវបំផ្លាញ។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Hagibis ត្រូវបានគេរំពឹងថានឹងវាយប្រហារតំបន់ភាគខាងលិច និងភាគខាងកើតនៃប្រទេសជប៉ុន ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់បោកប្រមាណ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីទៀតផង។ ដោយឡែកប្រជាជនរស់នៅតំបន់ចំពោះមុខព្យុះ ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួន ទៅរកទីកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នផងដែរ៕