(ស៊ីរី)៖ មនុស្សយ៉ាងតិច ១១នាក់បានបាត់បង់ជីវិត និង៧៤នាក់ទៀតបានរងរបួស ក្នុងការវាយប្រហារតាមផ្លូវអាកាស ទៅលើក្បួនធ្វើដំណើររបស់កងកម្លាំងឃើដ ខណៈដែលតួកគីកំពុងធ្វើប្រតិបត្តិការយោធា យ៉ាងក្តៅគគុកនៅភាគខាងជើងស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងនៅជាយក្រុង រ៉ាសអាល់វីន (Ras al-Ain) ដែលត្រូវបានកងទ័ពតួកគីចូលគ្រប់គ្រងកាលពីថ្ងៃអាទិត្យ ខណៈអ្នកសារព័ត៌មានបារាំងម្នាក់ស្លាប់ និង០២នាក់របួស នៅពេលដែលពួកគេធ្វើដំណើរជាមួយក្បួនរថយន្តកងកម្លាំងឃើដ ដែលទទួលរងការវាយប្រហារ។ យោធាតួកគីកំពុងបន្តធ្វើប្រតិបត្តិការ នៅតំបន់ភាគខាងជើងនៃប្រទេសស៊ីរី ប្រឆាំងនឹងក្រុមភេរវករ ISIS ហើយជាពិសេសនោះគឺសំដៅ លើកងកម្លាំងឃើដតែម្តងបន្ទាប់ពីសហរដ្ឋអាមេរិក បានសម្រេចដកកងទ័ពចេញពីតំបន់នោះ។
នៅថ្ងៃអាទិត្យដដែល រដ្ឋបាលតំបន់ឃើដនៅភាគខាងជើងស៊ីរី ក៏បានប្រកាសពីការឈានដល់កិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលស៊ីរីផងដែរ ដោយក្នុងនោះស៊ីរីបានយល់ព្រមដាក់ពង្រាយកងទ័ព នៅតាមបណ្តោយព្រំដែនជាមួយស៊ីរី ដើម្បីជួយឃើដបណ្តេញទ័ពតួកគីឲ្យចេញទៅវិញ ស្របពេលដែលទីក្រុងដាម៉ាស់ចាត់ទុក សកម្មភាពយោធារបស់ទីក្រុងអង់ការ៉ា ជាការឈ្លានពានដ៏ធ្ងន់ធ្ងរមកលើបូរណភាពទឹកដីរបស់ខ្លួន។
គួរជម្រាបថា បើតាមតួកគី ការបើកយុទ្ធនាការយោធានៅភាគខាងជើងស៊ីរី មានគោលដៅបោសសម្អាតក្រុម ISIS និងឃើដដែលនៅក្បែរព្រំដែនភាគខាងត្បូងរបស់ខ្លួន ហើយបង្កើតតំបន់សុវត្ថិភាពមួយ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ឲ្យជនភៀសខ្លួន ស៊ីរីរាប់លាននាក់វិលត្រឡប់ទៅមាតុភូមិវិញ។ យ៉ាងណាមិញ អន្តរជាតិបានសម្តែងក្តីព្រួយបារម្ភជាខ្លាំង ចំពោះការប្រើកម្លាំងបាយបែបនេះរបស់តួកគី ខណៈជនស៊ីវិលជាច្រើននាក់មកហើយ ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត៕