(តេហេរ៉ង់)៖ នាថ្ងៃចន្ទនេះ អ៊ីរ៉ង់បានបញ្ចេញរូបភាពបង្ហាញឲ្យឃើញប្រហោងធំៗពីរកន្លែង នៅចំហៀងកប៉ាល់ដឹកប្រេងមួយគ្រឿង ដែលអ៊ីរ៉ង់អះអាងថា បានរងការវាយប្រហារនៅក្បែរឆ្នេរសមុទ្ររបស់អារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅយប់ថ្ងៃចន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩។
ទីក្រុងតេហេរ៉ង់បានឲ្យដឹងថា កប៉ាល់ដឹកប្រេងអ៊ីរ៉ងឈ្មោះ Sabiti បានទទួលរងការផ្ទុះចំពីរកន្លែងផ្សេងគ្នា នៅសមុទ្រក្រហម ក្បែរទីក្រុង Jeddah របស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលបណ្តាលមកពីគ្រាប់មីស៊ីល។ អ៊ីរ៉ង់បានថ្កោលទោស ទង្វើនេះ និងប្តេជ្ញាថាមិនឲ្យអ្នកប្រព្រឹត្តរួចខ្លួនឡើយ។
សម្រាប់រួបភាពនាថ្ងៃចន្ទនេះ ត្រូវបានបញ្ចេញដោយក្រុមហ៊ុននាវាដឹកប្រេងអ៊ីរ៉ង់ NITC ដែលមានការចុះកាលបរិច្ឆេទថ្ងៃទី១៣ ខែតុលា គឺថ្ងៃអាទិត្យម្សិលមិញ។ តាមរយៈរូបភាពទាំងនោះ គេឃើញប្រហោងចំនួនពីរនៅតួកប៉ាល់ Sabiti។ បើតាមក្រុមហ៊ុន NITC ប្រេង ក៏បានកំពប់ចេញពីកប៉ាល់ទៅលើផ្ទៃសមុទ្រក្រហមថែមទៀតផង។
គួរជម្រាបថា កាលពីខែឧសភា និងមិថុនា ឆ្នាំ២០១៩នេះ ក៏មានករណីវាយប្រហារយ៉ាងអាថ៌កំបាំងស្រដៀងគ្នាបែបនេះផងដែរ លើកប៉ាល់ដឹកជញ្ជូនមួយចំនួន ដែលបានធ្វើដំណើរនៅក្នុង ឬក៏ក្បែរ តំបន់ឈូងសមុទ្រពែក ដោយគ្រានោះសុទ្ធតែរកមុខអ្នកប្រព្រឹត្តពិតប្រាកដមិនឃើញដូចគ្នា ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានចោទ ថាអ៊ីរ៉ង់ជាអ្នកនៅពីក្រោយ។ សម្រាប់ករណីកប៉ាល់អ៊ីរ៉ង់រងការវាយប្រហារនេះវិញ អារ៉ាប៊ីសាអូឌីត បានចេញមុខបដិសេធថាមិន បានជាប់ពាក់ព័ន្ធឡើយ៕