(សេអ៊ូល)៖ ក្រុមមន្ត្រីជំនិតៗជាច្រើនរបស់លោក គីម ជុងអ៊ុន កំពុងជឿជាក់ថា មេដឹកនាំកូរ៉េខាងជើងមានផែនការបញ្ចេញ ប្រតិបត្តិការដ៏អស្ចារ្យមួយឱ្យពិភពលោកបានឃើញ ក្រោយសារព័ត៌មាន KCNA បង្ហោះរូបភាពលោក គីម ជិះសេះសនៅឯភ្នំដ៏ពិសិដ្ឋមួយរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះបានបញ្ចេញ និងធ្វើការរៀបរាប់អំពីរូបថត លោក គីម ជុងអ៊ុន ជិះសេះសនៅទីវាលទឹកកកមួយកន្លែង នៅលើភ្នំ ផេកទូ (Paektu) ដែលត្រូវបានគេចាត់ទុកថា ជាទឹកដីកំណើតពិសិដ្ឋនៃគ្រួសារត្រកូល គីម នៅកូរ៉េខាងជើង។ KCNA បានបញ្ជាក់ដូច្នេះថា «ការជិះសេះសរបស់លោក (លោក គីម) នៅលើភ្នំ Paektu គឺជាព្រឹត្តិការណ៍ដ៏ធំនៅក្នុងប្រវតិ្តសាស្ត្រនៃបដិវត្តន៍កូរ៉េ... ហើយក្រុមមន្ត្រីអមដំណើររូបលោក មានជំនឿថា «ប្រតិបត្តិការដ៏អស្ចារ្យមួយ» នឹងកើតឡើងដើម្បីបង្ហាញប្រាប់ពិភពលោក និងដើម្បីបោះជំហានទៅមុខនៃបដិវត្តន៍កូរ៉េ»។
គួរបញ្ជាក់ថា មិនមានការបញ្ជាក់លម្អិតថា តើប្រតិបត្តិការដ៏អស្ចារ្យដែល KCNA លើកឡើងគឺជាអ្វីឱ្យប្រាកដនោះទេ ប៉ុន្តែគេចាំបានថាកាលពីចុងឆ្នាំ២០១៧ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ភ្នំ Paektu តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយកូរ៉េខាងជើងបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីបទ្រង់ទ្រាយធំបំផុតរបស់ខ្លួន និងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះមុននឹងលោក គីម ថ្លែងសារចូលឆ្នាំថ្មី ជាមួយការប្រកាសបើកទ្វារចរចាជាមួយកូរ៉េខាងត្បូង៕