(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក Mike Pence នឹងមិនផ្ដល់កិច្ចសហការ ឬក៏ចូលរួមនៅក្នុង ការស៊ើបអង្កេតរបស់សភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដើម្បីដំណើរការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតីអាមេរិក នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។
នៅក្នុងលិខិតមួយផ្ញើជូនគណៈកម្មាធិការសភាទទួលបន្ទុកការស៊ើបអង្កេត ការិយាល័យរបស់លោក Mike Pence បានបញ្ជាក់ដូច្នេះថា៖ «ដូចគ្នាទៅនឹងការសម្រេចចិត្តរបស់សេតវិមាន កាលពីសប្ដាហ៍មុន លោកអនុប្រធានាធិបតី នឹងមិនផ្ដល់កិច្ចសហការ ឬក៏ចូលរួមនៅក្នុងការស៊ើបអង្កេត ដើម្បីដំណើការនីតិវិធីដកលោក ដូណាល់ ត្រាំ ចេញពី តំណែងឡើយ ព្រោះការស៊ើបអង្កេតនេះមិនទទួលបានការអនុញ្ញាតពីសមាជិកសភាទាំងមូល...»។
គួរបញ្ជាក់ថា ឯកសារផ្លូវច្បាប់មួយរបស់សមាជិកសភាបក្សប្រជាធិបតេយ្យ បានស្នើឱ្យលោក Mike Pence ផ្ដល់ កិច្ចសហការនៅត្រឹមថ្ងៃទី១៥ ខែតុលា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) បើពុំដូច្នោះទេ ពួកគេនឹងចាត់ទុកថាការប្រកែក របស់លោក គឺជាភស្ដុតាងបង្កការរំខានដល់ការស៊ើបអង្កេតរបស់សភាតំណាងរាស្ត្រ។ ចំណែកឯ លោកស្រីប្រធាន សភាតំណាងរាស្ត្រ Nancy Pelosi ក៏បានជូនដំណឹងដល់ក្រុមអ្នកសារព័ត៌មានដែរថា លោកស្រីនឹងបើកកិច្ចពិភាក្សា ស្ដីពីការបោះឆ្នោតពេញលេញលើការស៊ើបអង្កេត ដើម្បីដំណើរការដកតំណែងប្រធានាធិបតី ក្រោយជំនួបជាមួយ សមាជិកបក្សប្រជាធិបតេយ្យដទៃ។
បច្ចុប្បន្ន លោក ដូណាល់ ត្រាំ កំពុងប្រឈមមុខនឹងការស៊ើបអង្កេត ដើម្បីដំណើរការ ការដកតំណែងប្រធានាធិបតី ពីសំណាក់សភាតំណាងរាស្ត្រ បន្ទាប់ពីលោកត្រូវបានគេចោទថាបានស្នើឱ្យបរទេសលូកដៃចូលក្នុងកិច្ចការបោះឆ្នោត អាមេរិកឆ្នាំ២០២០ តាមរយៈការដាក់សម្ពាធបង្ខំឱ្យអ៊ុយក្រែន បើកការស៊ើបអង្កេតពីបទពុករលួយប្រឆាំង លោក Joe Biden ដែលត្រូវបានគេមើលឃើញថា នឹងក្លាយជាបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យដ៏មានសក្ដានុពលម្នាក់។ ប៉ុន្តែ លោក ត្រាំ បានទាត់ចោលរាល់ការចោទប្រកាន់ រីឯសេតវិមានក៏បានប្រកាសមិនចូលរួមក្នុងការស៊ើបអង្កេត នេះដែរ៕