(អេស៉្បាញ)៖ មនុស្សរាប់ពាន់នាក់បានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅតំបន់ Catalonia ក្រោយអតីតក្រុមមេដឹកនាំចលនាទាមទារ ឯករាជ្យនៃតំបន់នេះ ត្រូវបានតុលាការអេស៉្បាញសម្រេចកាត់ទោសដាក់ពន្ធនាគារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០១៩។
សកម្មភាពតវ៉ានេះ ក៏បានបណ្តាលឲ្យមានអំពើហិង្សាប៉ះទង្គិចគ្នាជាមួយប៉ូលិសផងដែរ។ ការធ្វើបាតុកម្ម បានចាប់ផ្តើមឡើង បន្ទាប់ពីអតីតអ្នកនយោបាយក៏ដូចជាសកម្មជនចំនួន៩នាក់នៃចលនាទាមទារឯករាជ្យឲ្យតំបន់ Catalonia ត្រូវបានតុលាការអេស៉្បាញ សម្រេចផ្តន្ទាទោសដាក់ ពន្ធនាគាររយៈពេលចន្លោះពី៩ទៅ១៣ឆ្នាំ កាលពីដើមសប្តាហ៍នេះ។ កាលពីថ្ងៃចន្ទ ក្រុមអ្នកតវ៉ាបានព្យាយាមបិទផ្លូវចេញ-ចូលព្រលាន យន្តហោះ El Prat នៃទីក្រុង Barcelona ដែលបណ្តាលឲ្យជើងហោះហើរជាង១០០ត្រូវលុបចោលថែមទៀតផង។ នៅទីក្រុងមួយចំនួនទៀត នៃតំបន់ Catalonia ដូចជា Girona និង Tarragona ក៏មានការតវ៉ាដូចគ្នា។
គួរជម្រាបថា បុគ្គលទាំង៩នាក់ខាងលើ ត្រូវបានអេស៉្បាញកាត់ទោស ដោយសារជាប់ពាក់ព័ន្ធក្នុងការរៀបចំ ការបោះឆ្នោតប្រជាមតិ និងការប្រកាសឯករាជ្យជាឯកតោភាគីកាលពីឆ្នាំ២០១៧នៅតំបន់ Catalonia ដែលរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតចាត់ទុក ជាទង្វើខុសច្បាប់។ តំបន់ Catalonia ដែលស្ថិតនៅភាគខាងជើងប្រទេសអេស៉្បាញ និងជាទីជម្រកមនុស្សប្រមាណ៧.៥លាននាក់ មានភាសា សភា ទង់ជាតិ និងបទភ្លេងជាតិ ដាច់ដោយឡែកពីអេស៉្បាញ៕