(ហុងគ្រី)៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របេន (Viktor Orban) បានព្រមានថា ប្រទេសរបស់លោកនឹងប្រើប្រាស់កម្លាំងយោធា នៅឯតំបន់ព្រំដែនភាគខាងត្បូង ដើម្បីការពារតំបន់ព្រំដែនអឺរ៉ុប បើសិនជាតួកគីបើកច្រកផ្លូវសម្រាប់ជនភៀសខ្លួន ចូលមកកាន់តំបន់នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។
លោក Viktor Orban ធ្វើការព្រមានដូចខាងលើ នៅក្នុងបទសម្ភាសន៍មួយនាពេលថ្មីៗនេះ ខណៈមានសេចក្ដីរាយការណ៍ថា តួកគីអាចនឹងបញ្ជូនជនភៀសខ្លួនស៊ីរីរាប់លាននាក់ ទៅកាន់សហភាពអឺរ៉ុប នៅក្នុងករណីទីក្រុងជាប់ទណ្ឌកម្មដោយសារតែប្រតិបត្តិការយោធា កម្ទេចក្រុមសកម្មប្រយុទ្ធឃើដនៅតំបន់ភាគខាងជើងប្រទេសស៊ីរី។ លោក Orban បានគូសបញ្ជាក់ដូច្នេះថា «បើសិនជាតួកគីបើកច្រកផ្លូវ ឬបញ្ជូនជនភៀសខ្លួនមកកាន់អឺរ៉ុប នោះយើងចាំបាច់ត្រូវតែ ប្រើកម្លាំងបាយដើម្បីការពារព្រំដែនហុងគ្រី និងព្រំដែនរវាងហុងគ្រី និងស៊ែប៊ី...»។
គួរបញ្ជាក់ថា បើតាមលោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban បច្ចុប្បន្នមានជនភៀសខ្លួន ៩០,០០០នាក់ នៅក្នុងតំបន់បាល់កង់ ហើយចំនួនអាចនឹងកើនឡើងដល់ ១០០,០០០នាក់។ លោក Orban គឺជាអ្នកនយោបាយម្នាក់ ដែលប្រឆាំងជំទាស់យ៉ាងខ្លាំងនឹងជនអន្តោប្រវេសន៍ ព្រោះវាបានបង្កឲ្យប្រទេសអឺរ៉ុបជាច្រើនរួចមកហើយ ជួបប្រទះបញ្ហាសន្តិសុខ ជាពិសេសគឺអំពើភេរវកម្មតែម្តង៕