(បាងកក)៖ សមាជិកមួយចំនួននៃបក្សប្រឆាំងនៅក្នុងសភាជាតិថៃ បានធ្វើការជំទាស់ទៅនឹងក្រិត្យបន្ទាន់មួយ (Emergency Decree) ដែលត្រូវបានរៀបចំឡើងដើម្បីផ្ទេរយោធាចំនួនពីរកងពល ឲ្យទៅស្ថិតនៅក្រោមព្រះរាជបញ្ជានៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ខណៈអ្នកនយោបាយថៃមួយរូបបានលើកឡើងថា ទង្វើនេះគឺមិនសមស្របទៅតាមបែបបទ នៃរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩។
មេដឹកនាំនៃគណបក្សឆ្ពោះទៅរកអនាគត (Future Forward Party) លោក ភីយ៉ាបុត្រ សែងកាណូកគុល (Piyabutr Saengkanokkul) បាននិយាយថា រាជក្រិត្យពាក់ព័ន្ធនឹងកងកម្លាំងយោធា ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ គឺត្រូវបានប្រើប្រាស់ដោយមិនត្រឹមត្រូវ ចំពោះបទបញ្ញតិបន្ទាន់មួយនៃរដ្ឋធម្មនុញ្ញ ដើម្បីរំលងការពិភាក្សាក្នុងសភា បើទោះបីជាបញ្ហានេះត្រូវបានលើកឡើង ដោយសមាជិកសភាភាគច្រើននៅថ្ងៃព្រហស្បតិ៍នេះក៏ដោយ។
តាមរយៈក្រឹត្យខាងលើនេះ គឺតម្រូវឲ្យមានការផ្ទេរបញ្ជាការដ្ឋាន នៃកងវរសេនាតូចថ្ញើរជើងលេខ ១ និង ១១ ដែលមានមូលដ្ឋាននៅទីក្រុងបាងកក និងស្ថិតក្រោមអគ្គបញ្ជាការដ្ឋានយោធាថៃនោះ ទៅឲ្យស្ថិតក្រោមបង្គាប់នៃបញ្ជាការដ្ឋានការពារសន្តិសុខ នៃព្រះមហាក្សត្រថៃវិញ។ ប្រធានបក្សប្រឆាំងខាងលើនេះបានសង្កត់ធ្ងន់ទៀតថា គ្មានភាពអាសន្នភ្លាមៗណាមួយ ដែលបានផ្តល់ភាពស្របច្បាប់ដល់ក្រឹត្យខាងលើនេះឡើយ។ បន្ថែមពីខាងលើនេះ Piyabutr Saengkanokkul ក៏បានរិះគន់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ផងដែរថាកំពុងបន្តការដឹកនាំប្រទេស តាមលំនាំនៃមេដឹកនាំយោធាដដែល។
គួរបញ្ជាក់ថា បើតាមអ្នកតាមដានស្ថានការណ៍នៅប្រទេសថៃ នេះគឺជាលើកទីមួយហើយដែល សមាជិកសភាថៃហ៊ានចេញមុខ ដើម្បីតស៊ូមតិជាសាធារណៈចំពោះការរៀបចំនីតិវិធីច្បាប់ ដែលពាក់ព័ន្ធទៅនឹងរាជវង្សបែបនេះ។ ព្រះបាទ មហា វិជ្ជរ៉ាឡុងកន បានឡើងគ្រង់រាជសម្បត្តិជាផ្លូវការពេញលេញ កាលពីខែឧសភាកន្លងទៅនេះ បន្ទាប់ពីព្រះបិតារបស់ទ្រង់គឺព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦៕