(ប៉េកាំង)៖ លោក ឡៅ យីវូ (Liao Yiwu) ដែលជាអ្នកនិពន្ធមាននិន្នាការប្រឆាំងរដ្ឋាភិបាលចិន និងលោក ឡាំ វីងគី (Lam Wing-kee) ដែលជាម្ចាស់ហាងលក់សៀវភៅដ៏ល្បីនៅហុងកុង ទាក់ទងនឹងវិស័យនយោបាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានទទូចដល់ប្រទេសអឺរ៉ុបឲ្យបង្កើនការគាំទ្រ ចំពោះចលនាបាតុកម្មនៅទីក្រុងហុងកុង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។
លោក Liao បាននិយាយដូច្នេះថា «យើងត្រូវតែរួមដៃជាមួយប្រទេសអឺរ៉ុប... យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាងតាមតែអាចធ្វើបាន ដើម្បីរក្សាការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង »។ បច្ចុប្បន្នលោក Liao កំពុងរស់នៅក្នុង ទីក្រុងប៊ែរឡាំងរបស់អាល្លឺម៉ង់។ រីឯលោក Lam ដែលបានភៀសខ្លួនទៅកាន់កោះតៃវ៉ាន់ កាលពីប៉ុន្មានខែមុនក៏បានអំពាវនាវឲ្យអឺរ៉ុប ចេញវិធានការធ្ងន់ៗប្រឆាំងចិនផងដែរ។ លោក Liao និងលោក Lam បានលើកឡើងបែបនេះ ក្នុងកំឡុងព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅ ដែលរៀបចំឡើងក្នុងទីក្រុងហ្វ្រេងហ្វឺត (Frankfurt) នៅអាល្លឺម៉ង់។
គួរជម្រាបថា ទាក់ទងនឹងបញ្ហានៅទីក្រុងហុងកុង រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក ហេកូ ម៉ាអាស (Heiko Maas) បានបង្កឲ្យមានភាពមិនពេញ ចិត្តជាខ្លាំងពីសំណាក់រដ្ឋាភិបាលទីក្រុងប៉េកាំង ដោយសារតែលោកបានជួបជាមួយលោក ចូសហ្វ័រ វ៉ុង (Joshua Wong) ដែលជាមេដឹកនាំមួយរូបនៃចលនាបាតុកម្មនៅហុងកុង។ សម្រាប់អធិការបតីអាល្លឺម៉ង់ លោកស្រី អ៊ែនជែឡា មើគែល (Angela Merkel) វិញ ក្នុងឱកាសបំពេញទស្សនកិច្ចនាពេលកន្លងទៅ លោកស្រីបានគូសបញ្ជាក់ថា សិទ្ធិនិងសេរីភាពនៃប្រជាជនហុងកុងត្រូវតែមានការធានា និងការពារឲ្យបាននៅចំពោះមុខ ការធ្វើបាតុកម្មដ៏កក្រើក ដែលបានបណ្តាលឲ្យហុងកុងធ្លាក់ក្នុងវិបត្តិនយោបាយដ៏ជ្រាលជ្រៅ មិនទាន់ងើបចេញផុតវិញឡើយ៕