(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តជ្រើសយករម្មណីយដ្ឋានវាយកូនហ្គោល ផ្ទាល់ខ្លួនរបស់លោកមួយកន្លែង នៅរដ្ឋ Florida ដើម្បីរៀបចំកិច្ចប្រជុំកំពូល G7 នៅពេលខាងមុខនេះ ខណៈមានការ ចោទប្រកាន់ថាការសម្រេចចិត្តនេះគឺជាអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មានមន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់ បានបញ្ជាក់ថា រម្មណីយដ្ឋានវាយកូនហ្គោល The Trump National Doral Golf Club នៅក្នុងទីក្រុង Miami នៃរដ្ឋ Florida គឺជាកន្លែងសក្តិសមបំផុតសម្រាប់ទទួលរៀបចំ កិច្ចប្រជុំកំពូល G7 ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា នៅឆ្នាំ២០២០ខាងមុខនេះ។ ប៉ុន្តែ សមាជិកសភាបក្សប្រជាធិបតេយ្យ និងអ្នករិះគន់មួយចំនួន បានចោទប្រកាន់លោក ដូណាល់ ត្រាំ ថាកំពុងប្រព្រឹត្តអំពើពុករលួយ ដោយសារតែយកការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក ដើម្បីតែផលចំណេញសម្រាប់រម្មណីយដ្ឋានផ្ទាល់ខ្លួន របស់លោក។
គួរបញ្ជាក់ថា បើតាមក្រុមអ្នករិះគន់ ការសម្រេចចិត្តខាងលើរបស់លោក ដូណាល់ ត្រាំ ជាទង្វើរំលោភលើបទដ្ឋាន ទាំងផ្នែកកិច្ចការនៅក្នុងស្រុក និងក្រៅប្រទេស ដែលមានចែងពីកិច្ចការពារប្រធានាធិបតីអាមេរិកពីឥទ្ធិពលខាងក្រៅ៕