(វ៉ាស៊ីនតោន)៖ ក្រុមអ្នកជំនាញផ្នែកច្បាប់ និងថាមពលបានរិះគន់លោក ដូណាល់ ត្រាំ យ៉ាងខ្លាំងក្រោយ ប្រធានាធិបតីអាមេរិករូបនេះលើកឡើងថា ក្រុមហ៊ុនប្រេង អិចហ្សូន ម៉ូប៊ីល (Exxon Mobil) ឬក្រុមហ៊ុនប្រេងដទៃៗទៀតរបស់អាមេរិក នឹងគ្រប់គ្រងប្រតិបត្តិការនៅតំបន់ផលិតប្រេងមួយចំនួនរបស់ស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។
លោក ដូណាល់ ត្រាំ បានបង្កភាពចម្រូងចម្រាស់ជាថ្មីនៅក្នុងសនិ្នសីទសារព័ត៌មាន ស្ដីពីការទទួលស្គាល់មរណភាពរបស់មេ ISIS លោក អាល់បាកដាឌី (Abu Bakr al-Baghdadi) កាលពីថ្ងៃអាទិត្យម្សិលមិញនៅសេតវិមាន។ នាឱកាសនោះ ប្រធានាធិបតីអាមេរិកបានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលខ្ញុំចង់ធ្វើនោះ គឺត្រូវចុះកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ជូនក្រុមហ៊ុនប្រេង ExxonMobil ឬក្រុមហ៊ុនប្រេងដ៏អស្ចារ្យដទៃៗទៀតរបស់ យើងទៅកាន់ទីនោះ (តំបន់ប្រេងស៊ីរី) ហើយធ្វើវាឱ្យបានត្រឹមត្រូវ... ព្រមទាំងចែកចាយធនធានទាំងនេះ»។
ប៉ុន្តែទន្ទឹមគ្នា Exxon Mobil Corp និង ឆេវរ៉ុន (Chevron Corp) ដែលជាក្រុមហ៊ុនប្រេងដ៏ធំជាងគេទាំង ២ របស់អាមេរិក កំពុងប្រតិបត្តិការរកស៊ីនៅតំបន់មជ្ឈិមបូព៌ា មិនបានធ្វើអត្ថាធិប្បាយអ្វីនោះទេ ខណៈក្រុមអ្នកជំនាញផ្នែកច្បាប់ និងថាមពលខ្លះចាត់ទុកថា វាគឺជារឿងខុសច្បាប់ និងអសីលធម៌។ ជាក់ស្ដែង លោក ប្រ៊ូស រីឌែល (Bruce Riedel) ដែលបច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់ នៃវិទ្យាស្ថាន ប្រ៊ូកឃីង (Brookings Institution) បានរិះគន់ចំៗតែម្ដងថា ការលើកឡើងរបស់ លោក ត្រាំ ជាសារមួយប្រាប់ពិភពលោកថា អាមេរិកចង់ប្លន់ប្រេងពីស៊ីរី។ «នេះមិនមែនត្រឹមតែជារឿងខុសច្បាប់ ប៉ុន្តែវាក៏ជាសារមួយបង្ហាញប្រាប់ពិភពលោក និងតំបន់ទាំងមូលយ៉ាងច្បាស់ផងដែរថាអាមេរិកចង់ប្លន់ប្រេងពី ស៊ីរី»។ នេះសម្ដីរបស់លោក Bruce Riedel ។
គួរបញ្ជាក់ថា មុនសង្រ្គាមស៊ីវិលផ្ទុះឡើងនៅឆ្នាំ២០១១ ស៊ីរីមានសមត្ថភាពផលិតប្រេងបាន ៣៨០,០០០បារែលក្នុងមួយថ្ងៃ តែក្រោយសង្រ្គាមពោលគឺនៅឆ្នាំ២០១៦ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) វាយតម្លៃថា ស៊ីរីផលិតប្រេងបានតែ ៤០,០០០បារែលប៉ុណ្ណោះក្នុងមួយថ្ងៃ។ កាលពីមុនសង្គ្រាម ប្រេងគឺជាប្រភពចំណូលជាតិចម្បងមួយ សម្រាប់ប្រទេសស៊ីរីទាំងមូល៕