(អាហ្សង់ទីន)៖ ប្រធានាធិបតីកាន់អំណាចរបស់អាហ្សង់ទីន លោក ម៉ូរីស៊ីយ៉ូ ម៉ាគ្រី (Mauricio Macri) បានប្រកាសទទួលស្គាល់ភាពបរាជ័យ ខណៈគូប្រជែងរបស់លោកគឺលោក អាល់ប៊ឺតូ ហ្វឺណាន់ឌែស (Alberto Fernadez) បានទទួលជ័យជម្នះក្នុងការបោះឆ្នោត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាហ្សង់ទីន ដែលបានប្រព្រឹត្តទៅនាថ្ងៃអាទិត្យបង្ហាញថា លោក Fernadez ទទួលបានសំឡេងគាំទ្រ ៤៧.៧៩ភាគរយ នាំមុខសំឡេងគាំទ្រត្រឹមតែ ៤០.៧១ភាគរយរបស់លោក Macri បន្ទាប់ពីសន្លឹកឆ្នោតជាង ៩០ភាគរយត្រូវបានរាប់។ លោក Macri ក៏បានប្រកាសទទួលស្គាល់ថា លោកគឺជាអ្នកចាញ់ ហើយបានអបអរសាទរជ័យជម្នះរបស់លោក Fernadez ដែលនឹងក្លាយជាប្រធានាធិបតីថ្មី។
គួរជម្រាបថា ទន្ទឹមគ្នានេះលោក Fernadez បាននិយាយថា លោកនឹងជួបជាមួយលោក Macri ដើម្បីជជែកពីការធ្វើអន្តរកាលផ្នែកនយោបាយ បន្ទាប់ពីជ័យជម្នះរបស់លោក។ លោក Fernadez បានបន្ថែមថា លោកនឹងខិតខំសហការតាមតែអាចធ្វើទៅបានជាមួយលោក Macri ដើម្បីប្រឈមមុខក៏ដូចជាដោះស្រាយស្ថាវិបត្តិសេដ្ឋកិច្ច នាពេលបច្ចុប្បន្នរបស់អាហ្សង់ទីន ដែលបានបណ្តាលមកពីការកើនឡើងនៃអតិផរណា៕