(វ៉ាស៊ីនតោន)៖ សមាជិកសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Katie Hill បានសម្រេចចិត្ត លាលែងតំណែងចេញពីសភាតំណាងរាស្ត្រអាមេរិកហើយ បន្ទាប់ពីរងការចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទ មិនត្រឹមត្រូវជាមួយបុគ្គលិកខ្លួនឯង និងមានស្នេហាត្រីកោណស្រីស្រឡាញ់ស្រីដូចគ្នា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

លោកស្រី Katie Hill ប្រកាសពីការលាលែងចេញពីតំណែង នៅក្នុងសារមួយបង្ហោះលើ Twitter កាលថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោកស្រី Hill បានលើកឡើងដូច្នេះថា៖ «វាគឺជារឿងដ៏សោកសៅមួយ ដែលថ្ងៃនេះ ខ្ញុំត្រូវប្រកាសលាលែងតំណែងចេញពីសភាតំណាងរាស្ត្រ...ហើយនេះជារឿងដ៏លំបាក ដែលខ្ញុំមិនធ្លាប់ធ្វើឡើយ ពីមុនមក ប៉ុន្តែខ្ញុំជឿថានេះជាជម្រើសល្អសម្រាប់អ្នកបោះឆ្នោតឱ្យខ្ញុំ សហគមន៍ និងប្រទេសរបស់ខ្ញុំ»

គួរបញ្ជាក់ថា លោកស្រី Katie Hill បច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីគណៈកម្មាធិការវិន័យនៃសភា អាមេរិក ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានទំនាក់ទំនងផ្លូវភេទមិនត្រឹមត្រូវជាមួយបុគ្គលិកប្រុសម្នាក់ ដែល លោកស្រីផ្ទាល់បដិសេធ។ យ៉ាងណាក៏ដោយ លោកស្រី Hill បានទទួលស្គាល់ថាលោកស្រីពិតជាមានទំនាក់ទំនង ជាមួយបុគ្គលិកយុទ្ធនាការឃោសនាបោះឆ្នោតជាស្ត្រីម្នាក់ឈ្មោះ Morgan Desjardins។

ដោយឡែក បើតាមសារព័ត៌មានអង់គ្លេស Daily Mail ទំនាក់ទំនងរវាងលោកស្រី Hill និងនាង Desjardins គឺជាទំនាក់ទំនងស្នេហាត្រីកោណ ដែលធ្វើឱ្យលោកស្រី និងស្វាមី គឺលោក Kenny Heslep ត្រូវចែកផ្លូវគ្នា។ ប៉ុន្តែ ព្រមពេលជាមួយគ្នា សមាជិកសភារូបនេះក៏បានព្រមានប្ដឹង Daily Mail ផងដែរពីបទបង្ហោះរូបភាពឯកជនរបស់ លោកស្រីដោយគ្មានការអនុញ្ញាត៕