(ហុងកុង)៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយថា កំណើនសេដ្ឋកិច្ចនៃទីក្រុងស្វយ័តរបស់ចិនមួយនេះ នឹងអាចទទួលរងផលប៉ះពាល់អវិជ្ជមាន ពេញមួយឆ្នាំ២០១៩នេះតែម្តង ខណៈការតវ៉ាដោយហិង្សាដែលបានអូសបន្លាយជាង ៥ខែមកនេះ ហាក់ដូចជាគ្មានសញ្ញាថាធូរស្រាលនៅឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩។
ការលើកឡើងរបស់លោកស្រី ឡាំ ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយអគ្គលេខាធិការទទួលបន្ទុក សេដ្ឋកិច្ចទីក្រុងហុងកុងលោក ផូល ចាន់ (Paul Chan) ដោយក្នុងនោះលោកស្រីថែមទាំងបានព្រមានទៀតថា ទីក្រុងសេដ្ឋកិច្ចលេខ ១ ប្រចាំទ្វីបអាស៊ីនេះ អាចនឹងគ្មានកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ឡើយ សម្រាប់ពេញមួយឆ្នាំ២០១៩។ សម្រាប់ការធ្លាក់ចុះគឺមានដូចជា ការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យបន្ទាប់បន្សំ។
គួរបញ្ជាក់ថា ការផ្ទុះអំពើហិង្សានៅហុងកុងចាប់ផ្តើមឡើងពី «សេចក្តីព្រាងច្បាប់ធ្វើបត្យាប័ន» ដែលហុងកុងគ្រោងអនុម័តឡើង ដើម្បីងាយស្រួលក្នុងការផ្ទេរអ្នកទោសពីហុងកុង ទៅកាន់បណ្តាតំបន់ និងប្រទេសមួយចំនួនក្នុងនោះក៏រួមមានចិនផងដែរ។ ប៉ុន្តែក្រុមបាតុករបាន ប្រមូលផ្តុំគ្នាដើម្បីប្រឆាំងដោយចោទថា ច្បាប់នេះអាចបំផ្លាញដល់សិទ្ធិស្វ័យភាពរបស់ហុងកុង។
បើទោះបីជាវាត្រូវបានដកចេញ ១០០%ក៏ដោយ ក៏ក្រុមបាតុករហាក់ដូចជាគ្មានសញ្ញាថមថយដែរ ដោយពួកគេនៅតែបន្តតវ៉ា ដើម្បីទាមទារនូវអ្វីដែលពួកគេចង់បានបន្ថែមទៀត ក្នុងនោះរួមមានការលាលែងចេញពីតំណែងរបស់លោកស្រី ឡាំ និងការអនុវត្តន៍សិទ្ធិបោះឆ្នោត ជ្រើសរើសសភាក្រុងហុងកុង ទៅតាមអ្វីដែលពួកគេចង់បាន។ ជុំវិញបញ្ហានេះ ទីក្រុងប៉េកាំង បានទុកបាតុកម្មជាង ៥ខែមកនេះថា មានបាតដៃខ្មៅ ឬបាតដៃទី ៣ ចូលមកបញ្ឆេះបញ្ហា៕