(បាកដាដ)៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) បានអំពាវនាវឱ្យក្រុមបាតុករទាំងអស់ បញ្ឈប់ការធ្វើបាតុកម្ម ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកជាបន្ទាន់ ដើម្បីចូលរួមចំណែកស្ដារស្ថានការណ៍ និងការរស់នៅរបស់ប្រជាជនទូទាំងប្រទេស ឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Abdul Mahdi ក៏បានព្រមានដែរថា សេដ្ឋកិច្ចជាតិបច្ចុប្បន្នកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារបាតុកម្មតវ៉ា។ លោកនាយករដ្ឋមន្ត្រីបានបញ្ជា់បន្ថែមយ៉ាងដូច្នេះថា «ការគំរាមកំហែងដល់ឧស្សាហកម្មប្រេង និងការបិទខ្ទប់ផ្លូវ បាននិងកំពុងធ្វើឱ្យសេដ្ឋកិច្ចជាតិ ខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ... ហើយបើសិនជាភាពចលាចលនេះ នៅតែបន្តកើតមាននោះ ទំនិញគ្រប់មុខនឹងឡើងថ្លៃខ្ពស់កប់ពពក»។
គួរជម្រាបថា បាតុកម្មតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់ បានផ្ទុះឡើងតាំងតែពីដើមខែតុលាមកម្ល៉េះ ដោយក្រុមបាតុករបាននាំគ្នាប្រឆាំងជំទាស់ ក៏ដូចជាទាមទារឱ្យរដ្ឋាភិបាលទីក្រុងបាកដាដ ដោះស្រាយបញ្ហាអំពើពុករលួយ និងបញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ប៉ុន្តែនៅក្នុងបាតុកម្មតវ៉ានេះ អំពើហិង្សាក៏បានផ្ទុះឡើងផងដែររវាងអាជ្ញាធរ និងបាតុករ ដោយបណ្ដាលឱ្យមនុស្សច្រើនជាង ២៥០នាក់បាតបង់ជីវិត៕