(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីម្នាក់ នៃគណបក្សប្រជាធិបតេយ្យអាមេរិកគឺលោក អ៊ែនឌ្រូ យ៉ាង (Andrew Yang) បាននិយាយថា ការព្យាយាមរបស់គណបក្សលោកដើម្បីទម្លាក់ លោក ដូណាល់ ត្រាំ ចេញពីតំណែងអាចនឹងបំផ្លាញកិច្ចប្រឹងប្រែងរបស់ពួកគេ ដើម្បីឆ្ពោះទៅរកជ័យជម្នះនៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីនាឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Andrew Yang បានគូសបញ្ជាក់ថា លទ្ធផលអវិជ្ជមាននៃការសម្រេចចិត្ត របស់គណបក្សប្រជាធិបតេយ្យ ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងគឺវានឹង ធ្វើឲ្យសហរដ្ឋអាមេរិកទាំងមូល ផ្តោតតែទៅលើបញ្ហានេះ ដែលមិនមែនជារឿងល្អឡើយ សម្រាប់គណបក្សប្រជាធិបតេយ្យ ក្នុងការទៅប្រឈមមុខជាមួយលោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០ ដើម្បីដណ្តើមយកតំណែងប្រធានាធិបតី។
ក្រៅពីការព្រមានខាងលើនេះ លោក Yang បានណែនាំឲ្យគណបក្សលោក ជាពិសេសបេក្ខជនប្រធានាធិបតីនានារបស់បក្ស ដែលកំពុងគ្រប់គ្រងសភាស្រាប់ទៅហើយនេះ ព្យាយាមលើកឡើងឲ្យបានច្រើនអំពីអនាគតរបស់សហរដ្ឋអាមេរិក និងជៀសវាងការផ្តោតតែទៅលើនីតិវិធីនៃការស៊ើបអង្កេត ដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាចនោះ។
គួរជម្រាបថា សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ បានចាប់ផ្តើមនីតិវិធីដើម្បីឆ្ពោះទៅរកការទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងកាលពីចុងខែកញ្ញាកន្លងទៅ បន្ទាប់ពីមានការទម្លាយឲ្យដឹងថា លោកប្រធានាធិបតីអាមេរិកបានទាមទារឲ្យប្រធានាធិបតីអ៊ុយក្រែន បើកការស៊ើបអង្កេតលើសកម្មភាពរបស់កូនប្រុស អតីតអនុប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅក្នុងក្រុមហ៊ុនឧស្ម័នមួយរបស់អ៊ុយក្រែនឈ្មោះថា បួរីសម៉ា (Burisma) ខណៈលោក Biden គឺជាបេក្ខជនលេចធ្លោមួយរូបរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០៕