(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានបាត់បង់សតិហើយ ជុំវិញការប្រឹងប្រែងទម្លាក់រូបលោកចេញពីតំណែង ហើយលោកស្រីគួរតែត្រឡប់ទៅផ្ទះនៅកាលីហ្វរញ៉ាវិញទៅ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
នាថ្ងៃអាទិត្យ (ពេលវេលាក្នុងតំបន់នៅអាមេរិក) លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានដូច្នេះថា លោកស្រី Nancy Pelosi បានបាតបង់ សតិហើយហើយខ្ញុំគិតថាបើតាមត្រង់ទៅ គឺលោកស្រីគួរតែត្រឡប់ទៅផ្ទះនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូវិញទៅ ព្រោះបើអ្នកទាំងអស់គ្នាក្រឡេកទៅមើលអ្វី ដែលកំពុងកើតឡើងនៅសង្កាត់របស់លោកស្រី គឺសង្កាត់លោកស្រីកំពុងធ្លាក់ទៅរកឋានរកហើយ។ លោក ត្រាំ និងលោកស្រី Pelosi មិនត្រូវគ្នាកាន់តែខ្លាំងថែមទៀត ចាប់តាំងតែពីគណបក្សប្រជាធិបតេយ្យ បានចាប់ផ្តើមនីតិវិធីស៊ើបអង្កេតដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង កាលពីចុងខែកញ្ញាកន្លងទៅ។
គួរជម្រាបថា កំឡុងការជួបមុខគ្នាលើកដំបូងនៅក្នុងសេតវិមាន ក្រោយការចាប់ផ្តើមនីតិវិធីដើម្បីទម្លាក់លោក ត្រាំ ពីតំណែង លោក ត្រាំ និងលោកស្រី Pelosi ក៏បានទាស់សម្តីគ្នាយ៉ាងកក្រើកផងដែរ។ សភាតំណាងរាស្រ្តអាមេរិក ដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានសម្រេចចាប់ផ្តើមនីតីវិធីនេះ ក្រោយពីការលេចធ្លាយព័ត៌មានថា លោក ត្រាំ ទំនងជាបានប៉ុនប៉ងដាក់សម្ពាធមេដឹកនាំបរទេស ឲ្យកម្ចាត់គូប្រជែងផ្នែកនយោបាយរបស់ខ្លួន គឺអតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ដែលជាបេក្ខជនដ៏លេចធ្លោមួយរូបរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយនេះ៕