(តែលអាវីវ)៖ ក្រុមហ៊ុនផលិតយន្តហោះនិងគ្រឿងសព្វាវុធអ៊ីស្រាអែល IAI កាលពីថ្ងៃអាទិត្យ បានធ្វើតេស្តហោះហើរជាលើកដំបូងនៃយន្តហោះដែលនឹងត្រូវប្រើប្រាស់ សម្រាប់ការ ធ្វើដំណើរនៃថ្នាក់ដឹកនាំប្រទេសរបស់ខ្លួន ពោលគឺប្រៀបដូចជាយន្តហោះ Air Force One របស់សហរដ្ឋអាមេរិកដែរ។ នេះបើតាមការដកស្រង់ការផ្សាយពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
យន្តហោះខាងលើជាប្រភេទយន្តហោះ Boeing 767-300ER ដែលត្រូវបានក្រុមហ៊ុន IAI ចំណាយពេលកែច្នៃអស់រយៈពេលប្រមាណជា២ឆ្នាំមកហើយ ដើម្បី ឲ្យក្លាយ ទៅ ជា យន្តហោះដំបូងគេ ប្រើសម្រាប់ការធ្វើដំណើររបស់នាយករដ្ឋមន្រ្តីនិងប្រធានាធិបតីអ៊ីស្រាអែល ដូចជាការចេញទៅបំពេញទស្សនកិច្ចនៅក្រៅប្រទេសជាដើម ខណៈ កន្លងមកនេះ ឲ្យតែពេលថ្នាក់ដឹកនាំប្រទេសរបស់ខ្លួនត្រូវចេញទៅទស្សនកិច្ចនៅបរទេស រដ្ឋាភិបាលអ៊ីស្រាអែលត្រូវជួលយន្តហោះពីក្រុមហ៊ុនអាកាសចរណ៍ ។ យន្តហោះនេះមានឈ្មោះផ្លូវការថា 4X-ISR ហើយបើតាមការអះអាងរបស់ក្រុមហ៊ុន IAI គឺវាអាចធ្វើដំណើរដល់សហរដ្ឋអាមេរិក ចិន ជប៉ុន និងប្រេស៊ីល ដោយមិន ចាំបាច់ឈប់ឡើយ។ ម៉្យាងវិញទៀត វាក៏ត្រូវបានបំពាក់ប្រព័ន្ធទំនាក់ទំនងយ៉ាងទំនើបនិងប្រកបដោយសុវត្ថិភាពរឹងមាំផងដែរ។
គួរជម្រាបថា គិតត្រឹមពេលនេះ រដ្ឋាភិបាលអ៊ីស្រាអែលបានចំណាយថវិកាខ្ទង់២០៦លានដុល្លារ សម្រាប់ការទិញនិងកែច្នៃយន្តហោះ Boeing នេះ ដែលធ្លាប់បម្រើជា យន្តហោះដឹកអ្នកដំណើរធម្មតាអស់រយៈពេលជិត២០ឆ្នាំមកហើយរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនៅអូស្រ្តាលី៕