(វៀងច័ន្ទ)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិឡាវ Lao Airlines មានគម្រោងបើកជើងហោះហើរត្រង់ ចេញពីរដ្ឋធានីវៀងច័ន្ទ និងពីក្រុងលួងព្រះបាង (Luang Prabang) ឆ្ពោះទៅកាន់ខេត្ត គូម៉ាម៉ូតុ (Kumamoto) លើកោះគ្យូហ្ស៊ុ (Kyushu) ប្រទេសជប៉ុននាខែមីនា ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពី ការិយាល័យអាកាសចរណ៍ស៊ីវិលជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងគម្រោងខាងលើ ជើងហោះហើររវាងវៀងច័ន្ទ-គូម៉ាម៉ូតុ នឹងធ្វើប្រតិបត្តិការរៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរ៍ ខណៈជើងហោះហើររវាង Luang Prabang ដែលនៅចម្ងាយប្រមាណ ២២០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីវៀងច័ន្ទ និងខេត្តគូម៉ាម៉ូតុនឹងធ្វើប្រតិបត្តិការនៅថ្ងៃចន្ទ និងថ្ងៃសុក្រ។ យន្តហោះ Airbus A320 ដែលអាចផ្ទុកអ្នកដំណើរបាន ១៤២នាក់ នឹងត្រូវប្រើប្រាស់សម្រាប់ជើងហោះហើរទាំងពីរផ្លូវ ហើយផ្លូវហោះហើរថ្មីៗ នឹងប្រកាសឲ្យដឹងជាបន្តបន្ទាប់តាមក្រោយទៀត ដោយអាកាសចរណ៍ឡាវ (Lao Airlines)។
គួរជម្រាបថា យោងតាមរបាយការណ៍នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ឡាវ ភ្ញៀវទេសចរជប៉ុនមកកាន់ប្រទេសអាស៊ានមួយនេះ នៅឆ្នាំ២០១៥ មានចំនួន ៤៣,៨០០នាក់ ហើយបានកើនដល់ ៤៩,២០០នាក់នៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៧ ចំនួនភ្ញៀវទេសចរជប៉ុនបានធ្លាក់នៅត្រឹម ៣២,០០០នាក់ ហើយឡើងទៅជិតដល់ ៣៩,០០០នាក់នៅឆ្នាំ២០១៨។
ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines សង្ឃឹមថា ការបើកជើងហោះហើរថ្មីទាំងពីរនេះ នឹងអាចជួយសម្រេចគោលដៅប្រទេសឡាវ ដើម្បីក្លាយជាមជ្ឈមណ្ឌលធ្វើដំណើរមួយ ប្រចាំនៅតំបន់ឥណ្ឌូចិន ហើយជំរុញឲ្យទេសចរជប៉ុនកាន់តែមានចំណាប់អារម្មណ៍ ចង់មកដើរកម្សាន្តនៅឡាវ៕