(បាងកក)៖ ឥណ្ឌាបានប្រកាសខ្លួននឹងមិនចូលរួមក្នុង កិច្ចព្រមព្រៀងសេដ្ឋកិច្ចអាស៊ី (RCEP) នោះទេ ដោយសារតែព្រួយបារម្ភខ្លាចមានផលប៉ះពាល់អវិជ្ជមាន ដល់ក្រុមអ្នកផលិតនៅក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ (RCEP) គឺតំណាងឱ្យ ៣០ភាគរយនៃផលិតផល ក្នុងស្រុកសរុប (GDP) នៃសកលលោក ឬស្មើជាងពាក់កណ្ដាលនៃប្រជាជនពិភពលោក។ ប៉ុន្តែឥណ្ឌានៅតែបារម្ភខ្លាចក្រុមអ្នកផលិត និងឧស្សាហកម្មនៅក្នុងស្រុកជួបការលំបាក ឬក៏រងប៉ះពាល់អវិជ្ជមានជាពិសេសនៅពេលលំហូរផលិតផលចិន ចូលមកក្នុងទីផ្សារឥណ្ឌាច្រើនលើសលប់ពេក នៅពេលទីក្រុងញូដេលីចូលរួមក្នុងកិច្ចព្រមព្រៀងនេះ។
ដោយឡែកជុំវិញការសម្រេចចិត្តនេះដែរ លោកស្រី វីចាយ ថាឃើរ សិង្ហៈ (Vijay Thakur Singh) ជាមន្ត្រីទូតជាន់ខ្ពស់ឥណ្ឌាម្នាក់ទទួលបន្ទុកកិច្ចការអាស៊ីខាងកើត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានជូនដំណឹងដល់ប្រទេសជាភាគីទាំងអស់ដែលបានចូលរួមថា យើងនឹងមិនចូលរួមក្នុងកិច្ចព្រមព្រៀង RCEP ដោយសារតែមើលឃើញថា កិច្ចព្រមព្រៀងនេះនឹងជះឥទ្ធិពលអាក្រក់ ដល់វិស័យឧស្សាហកម្មក្នុងស្រុករបស់ឥណ្ឌា ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺប្រជាជនមានប្រាក់ចំណូលទាបនោះតែម្ដង»។
គួរបញ្ជាក់ថា ក្រោយការប្រកាសរបស់ឥណ្ឌា បណ្ដាប្រទេសជាភាគីចូលរួមដទៃបានអះអាងថា ពួកគេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នៅឆ្នាំក្រោយ បន្ទាប់ពីត្រួតពិនិត្យលើសេចក្ដីព្រាងនៃកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃចន្ទ នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងបាងកក។ បណ្តាប្រទេសមួយចំនួន ក្នុងនោះមានដូចជា ថៃជាម្ចាស់ និងជាពិសេសសិង្ហបុរីបានទទួលយកការព្រួយបារម្ភរបស់ឥណ្ឌា ព្រមទាំងបានសន្យាពិនិត្យមើល លក្ខខណ្ឌនានាឡើងវិញផងដែរ៕