(សៀងហៃ)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នាថ្ងៃអង្គារនេះ បានសន្យាបន្តបើកចំហទីផ្សារសេដ្ឋកិច្ចចិន ឲ្យកាន់តែទូលាយជាងមុនថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក ស៊ី ជិនពីង បានលើកឡើងដូចខាងលើ ក្នុងឱកាសនៃការបើកព្រឹត្តិការណ៍ ពិព័រណ៌ពាណិជ្ជកម្មប្រចាំឆ្នាំមួយរបស់ចិន ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញ ឲ្យពិភពលោកបានឃើញកាន់តែច្បាស់ អំពីឆន្ទៈរបស់ចិន ក្នុងការបន្តបើកទូលាយនូវទីផ្សារដ៏ធំមហាសាលរបស់ខ្លួន ចំពោះមុខការចោទប្រកាន់មួយចំនួនថា រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រឹងប្រែងរឹតត្បិតខ្លាំងទៅវិញ។ លោក ស៊ី ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះដែរថា «សហគមន៍ពិភពលោកត្រូវតែបន្តលុបបំបាត់ ជាជាងបង្កើតបន្ថែមនូវរនាំងនៃការធ្វើពាណិជ្ជកម្ម ហើយត្រូវរួមគ្នាប្រឆាំងដាច់ខាត ចំពោះគោលការណ៍ពាណិជ្ជកម្មបែបគាំពារនិយម និងឯកតោភាគី។
អ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅឆ្នាំនេះលោកប្រធានាធិបតីចិន មិនបានថ្លែងពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកឡើយ ស្របពេលដែលភាគីទាំងពីរនាខណៈនេះ កំពុងតែព្យាយាមសម្រេចឲ្យបានជាផ្លូវការ នូវកិច្ចព្រមព្រៀងដំណាក់កាលទីមួយ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីខែតុលាកន្លងទៅ។
គួរជម្រាបថា លោក ស៊ី ជិនពីង ក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា កិច្ចប្រឹងប្រែងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំនៅអាស៊ីហៅកាត់ថា RCEP នឹង អាចសម្រេចបានជាការពិតក្នុងពេលឆាប់ៗ បើទោះបីជាឥណ្ឌាទើបបង្ហាញសញ្ញាថា មិនចង់ចូលរួមក៏ដោយក្តី។ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់ (RCEP) គឺតំណាងឱ្យ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៃសកលលោក ឬស្មើជាងពាក់កណ្ដាលនៃប្រជាជនពិភពលោក និងគ្រោងបង្កើតឡើងរវាងសមាជិកអាស៊ានទាំង ១០ និងបណ្តាប្រទេសចំនួន ០៦ទៀត ដែលជាដៃគូពាណិជ្ជកម្មរបស់អាស៊ាន៕