(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង មើលមិនឃើញទាល់តែសោះពីហេតុផល ដែលត្រូវចូលរួមក្នុងសន្ធិសញ្ញា រំសាយអាវុធត្រីភាគីជាមួយ សហរដ្ឋអាមេរិក និងរុស្ស៊ី។ នេះបើតាមក្រសួងការបរទេសចិន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃអង្គារនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានគូសបញ្ជាក់
ដូច្នេះថា៖ «គោលជំហររបស់យើងគឺច្បាស់លាស់។ យើងជឿថាវាគ្មានហេតុផល និងលក្ខខណ្ឌណាមួយទាល់តែសោះ ដ្បើមចូលរួមក្នុងកិច្ចព្រមព្រៀង ត្រីភាគីស្ដីពីការលុបបំបាត់អាវុធជាមួយរុស្ស៊ី និងសហរដ្ឋអាមេរិក....ដូច្នេះយើងនឹងមិនចូលរួមជាមួយពួកគេឡើយ ហើយយើងក៏ធ្លាប់បញ្ជាក់ពី គោលជំហរបែបនេះប្រាប់សហរដ្ឋអាមេរិក ជាច្រើនដងហើយដែរ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី បានដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF កាលពីខែសីហាកន្លងទៅ ហើយបច្ចុប្បន្ននៅសល់តែ សន្ធិសញាគ្រប់គ្រងអាវុធ New START តែមួយប៉ុណ្ណោះ ដែលនឹងត្រូវអស់សុពលភាពនៅខែកុម្ភៈឆ្នាំ២០២១។ ប៉ុន្តែសហរដ្ឋអាមេរិក មិនទាន់បាន បង្ហាញពីបំណងចង់បន្តសុពលភាពនាំសន្ធិសញ្ញានេះនៅឡើយទេ ខណៈលោក ដូណាល់ ត្រាំ ចង់បានសន្ធិសញ្ញាគ្រប់គ្រងអាវុធថ្មីមួយជាមួយចិន និងរុស្ស៊ី៕