(ហ្ស៊ឺណែវ)៖ អង្គការសហប្រជាជាតិ (UN) បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារសប្តាហ៍នេះថា សង្គ្រាមពាណិជ្ជកម្មដែលកំពុងអូសបន្លាយរវាងសហរដ្ឋអាមេរិក និងប្រទេសចិននោះ គឺនឹងធ្វើឲ្យសេដ្ឋកិច្ចមហាយក្សទាំងពីរនេះកាន់តែខាតបង់ ដោយសារការធ្លាក់ចុះនៃវិស័យនាំចេញ និងការឡើងថ្លៃទំនិញសម្រាប់អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងរបាយការណ៍ថ្មីចុងក្រោយមួយ នៃសន្និសីទអង្គការសហប្រជាជាតិស្តីអំពីវិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) ដើម្បីវាយតម្លៃអំពីផលប៉ះពាល់នៃការដំឡើងពន្ធ លើទំនិញរាងៗខ្លួនរបស់មហាអំណាចសេដ្ឋកិច្ចទាំងពីរ មន្ត្រីជំនាញរបស់ UN ទាំងអស់បានមើលឃើញថា ប្រទេសទាំងពីរនេះសុទ្ធតែរងគ្រោះគួរឲ្យកត់សម្គាល់ដូចគ្នា។ ទីភ្នាក់ងាររបស់ UN ក៏បានព្រមានផងដែរថា បើនៅតែបន្តសកម្មភាពដូចរាល់ថ្ងៃនេះទៀត សេដ្ឋកិច្ចនៃសកលលោកទាំងមូលនឹងជួបហានិភ័យ។
គួរបញ្ជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកបានផ្ទុះឡើងកាលពីឆ្នាំ២០១៨ ដោយចាប់ផ្តើមពីការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកលើមុខទំនិញ ដែលមានតម្លៃរាប់រយពាន់លានដុល្លារ។ ជាក់ស្តែង UNCTAD បានយល់ឃើញថា ការដំឡើងពន្ធដែលសហរដ្ឋអាមេរិកដាក់លើទំនិញចិននោះ បានធ្វើឲ្យប្រទេសធំៗទាំងពីររងគ្រោះដូចគ្នា មិនមែនចិនតែម្នាក់ឯងនោះឡើយ៕