(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយថា ការបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញរបស់អ៊ីរ៉ង់ គឺជាកំហុសឆ្គងមួយដ៏ធំ និងជាចេតនាគំរាមកំហែង ដើម្បីទទួលបានសម្បទាន ឬជំរិតទារប្រាក់ពីសហគមន៍អន្តរជាតិតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យខាងលើដដែលបានលើកឡើង យ៉ាងដូច្នេះថា «យើងគាំទ្រយ៉ាងពេញទំហឹងដល់ ទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) ក្នុងការដឹកនាំការផ្ទៀងផ្ទាត់ដោយឯករាជ្យ លើសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ដូចជាត្រួតពិនិត្យរបាយការណ៍របស់ IAEA ជុំវិញការវិវត្តស្ថានភាពនានា... ប៉ុន្តែព្រមពេលជាមួយគ្នា ការបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ បានបង្ហាញយ៉ាងច្បាស់ពីចេតនាគំរាមកំហែងចង់បានសម្បាទាន ឬជំរិតទារប្រាក់ ពីសហគមន៍អន្តរជាតិ»

គួរជម្រាបថា ប្រតិបត្តិការរបស់ទីក្រុងវ៉ាស៊ីនតោន កើតមានឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ខ្លួននឹងចាប់ផ្ដើមបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ នៅថ្ងៃទី០៦ ខែវិច្ឆិកានេះតែម្តង ឱ្យដល់កម្រិត៥ភាគរយ នៅឯរោងចក្រនុយក្លេអ៊ែរក្រោមដី ហ្វ័រដូវ (Fordow) តាមរយៈការបញ្ចូលឧស្ម័នបញ្ឆេះកម្តៅឡើងវិញ៕