(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារជាតិអាមេរិកបានឱ្យដឹងថា រដ្ឋមន្ត្រីមកពីប្រទេសអេហ្ស៊ីប អេត្យូពី និងស៊ូដង់បានឯកភាពគ្នាលើការចុះកិច្ចព្រមព្រៀងមួយ ដែលនឹងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ស្ដីពីកិច្ចសហប្រតិបត្តិការលើទំនប់វារីអគ្គិសនីនៃទន្លេនីល (Nile)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងរតនាគារជាតិអាមេរិក បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីនៃបណ្ដាប្រទេសទាំង ០៣ខាងលើ បានព្រមព្រៀងគ្នាដោយការអនុញ្ញាតឱ្យធនាគារពិភពលោក និងសហរដ្ឋអាមេរិកផ្ដល់ការគាំទ្រ និងចូលរួមនៅក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកអង្កេតការណ៍។ បន្ថែមពីលើនេះ ពួកគេក៏បានឯកភាពគ្នាផងដែរថា នឹងចុះកិច្ចព្រមព្រៀងមួយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ព្រមទាំងនឹងចូលរួមក្នុងកិច្ចប្រជុំចំនួនពីរ ដែលនឹងត្រូវប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ និងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ ប្រទេសអេត្យូពីបានកសាងទំនប់ទឹកមួយ ដែលនឹងក្លាយជាទំនប់វារីអគ្គិសនីដ៏ធំបំផុតនៅក្នុងពិភពលោក។ ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នកជំនាញជឿជាក់ថា ទំនប់ GERD អាចនឹងកម្រិតកម្ពស់ទឹកទន្លេថយចុះ នៅក្នុងប្រទេសស៊ូដង់ និងអេហ្ស៊ីប៕