(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះបានសម្ដែងការខឹងសម្បារ និងប្រើប្រាស់ពាក្យអសុរសលើនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ថែមទៀតផង បន្ទាប់ពីមេដឹកនាំជប៉ុនរូបនេះ ប្រកាសចង់ជួបជាមួយមេដឹកនាំទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដ ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតកាលពីថ្ងៃទី៣១ ខែតុលា ប៉ុន្តែជប៉ុនអះអាងថា វាអាចជាមីស៊ីលផ្លោង។ មិនតែប៉ុណ្ណោះ ក៏បានថ្កោលទោសការធ្វើតេស្ដនេះផងដែរ កំឡុងកិច្ចប្រជុំកំពូលអាស៊ានកាលពីប៉ុន្មានថ្ងៃមុន តែទន្ទឹមគ្នាលោកនាយករដ្ឋមន្ត្រីជប៉ុន បានបង្ហាញជាថ្មីពីបំណងជួបចរចាជាមួយលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ ដើម្បីដោះស្រាយបញ្ហាការចាប់ពង្រត់ជនជាតិជប៉ុនជាច្រើននាក់ ដោយអាជ្ញាធរកូរ៉េខាងជើង។
ជាប្រតិកម្មឆ្លើយតប ទូរទស្សន៍កូរ៉េខាងជើង KCNA នៅថ្ងៃព្រហស្បតិ៍នេះ ដោយផ្អែកលើសេចក្ដីថ្លែងការណ៍ពីលោក សុង អ៊ីលហូ (Song Il Ho) ដែលជាអគ្គរដ្ឋទូតកូរ៉េខាងជើង ទទួលបន្ទុកកិច្ចការទំនាក់ទំនងជាជប៉ុន បានលើកឡើងដូច្នេះថា «លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ដែលបាន ថ្កោលទោសលើការធ្វើតេស្ដប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតដ៏អស្ចារ្យរបស់យើង... គឺជាមនុស្ស...ម្នាក់ដែលកុំសង្ឃឹមបានជាន់ទឹកដីទីក្រុងព្យុងយ៉ាងឲ្យសោះ»។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០០២ កូរ៉េខាងជើងបានទទួលស្គាល់ថា ខ្លួនបានជាប់ពង្រត់ជនជាតិជប៉ុន ១៣នាក់ នៅចន្លោះពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៨០ ខណៈខាងទីក្រុងតូក្យូអះអាងថា ពលរដ្ឋរបស់ខ្លួនដល់ទៅចំនួន ១៧នាក់ឯណោះ ត្រូវបានទីភ្នាក់ងារចារកម្មកូរ៉េខាងជើងចាប់ពង្រត់៕