(ហ្សិនជិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍យក្សចិន Huawei ដែលមានមូលដ្ឋាន នៅទីក្រុងសេដ្ឋកិច្ចហ្សិនជិន (Shenzhen) បានប្រកាសឲ្យដឹងថា ខ្លួននឹងផ្តល់ថវិកាប្រមាណ ២ពាន់លានយ័ន ឬស្មើនឹង ២៨៦លានដុល្លារអាមេរិកទៅដល់ក្រុមការងារពិសេស ដែលអាចរិះរកវិធី ដើម្បីចាកចេញពីឥទ្ធិពលអាមេរិក នៅក្នុងវិស័យបច្ចេកវិទ្យា។ នេះបើតាមការចេញផ្សាយដោយ CNA នាយប់ថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
បច្ចុប្បន្ននេះអ្វីដែល Huawei កំពុងតែផ្តោតសំខាន់ខ្លាំងបំផុតនោះ គឺការព្យាយាមរក្សាលំនឹងរបស់ខ្លួន ដើម្បីជម្នះទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ហេតុដូច្នេះហើយការប្រើប្រាស់ឧបករណ៍ បច្ចេកវិទ្យាដែលពឹងផ្អែកលើគ្រឿងបរិក្ខាភាគច្រើន ដែលផលិតឡើងដោយខ្លួនឯងនោះ គឺជាភាពចាំបាច់បំផុត ព្រោះកាលពីខែឧសភា ឆ្នាំ២០១៩ សហរដ្ឋអាមេរិកបានហាម ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុករបស់ខ្លួន មិនឲ្យលក់បរិក្ខាសំខាន់ៗទៅដល់ Huawei ទៀតឡើយ ដោយទីក្រុងវ៉ាស៊ីនតោនបានចោទក្រុមហ៊ុនចិនមួយនេះថា កំពុងគំរាមកំហែងសន្តិសុខជាតិអាមេរិក។
ការប្រឹងប្រែងរបស់ Huawei ក្នុងការព្យាយាមបង្កើតអ្វីថ្មីៗដោយខ្លួនឯងនេះ គឺទំនងជាចង់បង្ហាញថា ក្រុមហ៊ុនមិនអាចពឹងតែទៅលើកិច្ចចរចាពាណិជ្ជកម្ម រវាងរដ្ឋាភិបាលអាមេរិក និងចិននោះឡើយ។ ម្យ៉ាងវិញទៀតការបន្តពឹងលើបច្ចេកវិទ្យារបស់ អាមេរិកពេក នឹងអាចធ្វើឲ្យក្រុមហ៊ុន Huawei ធ្លាក់ទៅក្នុងហានិភ័យដូចពេលនេះទៀត នៅថ្ងៃអនាគត។ បន្ថែមពីនេះនៅក្នុងខែវិច្ឆិកានេះផ្ទាល់ ក្រុមហ៊ុនចិននេះក៏បានបង្កើនការចំណាយ រហូតដល់ទៅទ្វេដងទៅដល់បុគ្គលិកទាំង ១៩០,០០០នាក់របស់ខ្លួន ដើម្បីពន្លឿនកិច្ចការងារជារួមផងដែរ។
គួរបញ្ជាក់ថា ទឹកប្រាក់ប្រមាណ ២៨៦លានដុល្លារខាងលើនេះ ទំនងជានឹងត្រូវផ្តល់ទៅកាន់ ក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រមជាមួយនិងក្រុមការងារ ដែលធ្វើការដើម្បីផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់របស់ Huawei ឲ្យចេញឆ្ងាយពីសហរដ្ឋអាមេរិក។ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី១ ដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង គ្រោងចុះហត្ថលេខានៅប៉ុន្មានសប្តាហ៍ទៀតនេះ ក៏អាចជាពន្លឺថ្មីមួយសម្រាប់ Huawei ផងដែរ៕