(ហុងកុង)៖ អាជ្ញាធរទីក្រុងហុងកុងបានចេញបញ្ជា ឲ្យសាលារៀនទាំងអស់នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ បិទទ្វារជាបណ្តោះអាសន្នសិន ដោយសារតែកត្តាដឹកជញ្ជូន និងសុវត្ថិភាពជាចម្បង ខណៈបាតុកម្មនៅក្នុងទីក្រុងសេដ្ឋកិច្ចរីកចំរើនបំផុត ប្រចាំទ្វីបអាស៊ីមួយនេះនៅតែបន្ត។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រៅពីការបញ្ជាឲ្យសាលារៀនទាំងអស់ផ្អាកដំណើរការ ការិយាល័យអប់រំប្រចាំទីក្រុងហុងកុង ក៏បានអំពាវនាវឲ្យបាតុករទាំងអស់ បញ្ឈប់សកម្មភាពធ្វើបាតុកម្ម និងការប្រើអំពើហិង្សាផងដែរ។ បាតុកម្មនៅហុងកុងបានប្រែក្លាយកាន់តែអាក្រក់ បន្ទាប់ពីការស្លាប់របស់និស្សិតជាបាតុករម្នាក់កាលពីសប្តាហ៍មុន និងការបាញ់បាតុករស្តែងៗពីសំណាក់ប៉ូលិស ដែលប្រៀបបីដូចជាដុតកំហឹងពួកគេបន្ថែមទៀតផងដែរ។
គួរបញ្ជាក់ថា បាតុកម្មនៅទីក្រុងហុងកុងអាចនឹងកាន់តែរីកធំ នៅយ៉ាងហោចណាស់ចុងសប្តាហ៍នេះ ក្រោយពីក្រុមបាតុករកាន់តែច្រើនបានប្រកូកប្រកាស ឲ្យមានការតវ៉ាកាន់តែខ្លាំង ជាការឆ្លើយតបទៅនឹងការបង្ក្រាបកាន់តែធ្ងន់ដៃពីសំណាក់ប៉ូលិស និងការស្លាប់របស់និស្សិតម្នាក់ ក្រោយធ្លាក់ពីលើអគារមួយកំឡុងការធ្វើបាតុកម្ម។ ដោយឡែកហាងលក់ទំនិញ ក្រុមហ៊ុនធំៗ និងស្ថាប័នមួយចំនួន ក៏បានបិទទ្វារជាបណ្តើរៗផងដែរ៕