(ម៉ូស្គូ)៖ របាយការណ៍ថ្មីមួយរបស់អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) បាន ឱ្យដឹងថាគ្រាប់បែក នុយក្លេអ៊ែរអ៊ីដ្រូសែនដែលកូរ៉េខាងជើង បានធ្វើតេស្ដសាកល្បងកាលពីឆ្នាំ២០១៧ មានថាមពលខ្លាំងជាង គ្រាប់បែកនុយក្លេអ៊ែរ Little Boy ដែលសហរដ្ឋអាមេរិកទម្លាក់លើ ទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima) កំឡុងសម័យ សង្រ្គាមលោកលើក ទី២ ១៧ដងឯណោះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
អង្គការ ISRO ផ្អែកលើការសិក្សាស្រាវជា្រវតាមរយៈរូបភាពផ្កាយរណប បានបញ្ជាក់នៅក្នុងរបាយការណ៍របស់ ខ្លួនចេញផ្សាយនៅពេលថ្មីៗនេះ ដូច្នេះថា៖« គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែន ដែលកូរ៉េខាងជើងបានធ្វើតេស្ដ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ មានកម្លាំងផ្ទុះចន្លោះ២៤៥ រហូតដល់២៧១គីឡូតោន ឬខ្លាំងជាង១៧ដង នៃគ្រាប់បែកនុយក្លេអ៊ែរ Little Boy ដែលអាមេរិកទម្លាក់កម្ទេចទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន នៅខែសីហា ឆ្នាំ១៩៤៥ ទៅទៀត»។
ប៉ុន្តែ គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនរបស់កូរ៉េខាងជើង នៅតែមានកម្លាំងខ្សោយជាងគ្រាប់បែកនុយក្លេអ៊ែរ អីដ្រូសែន ដែលសហរដ្ឋអាមេរិកបានធ្វើតេស្ដសាកល្បងក្នុងឆ្នាំ១៩៥២ ដោយមានថាមពលពលខ្លាំងជាង Little Boy ដល់ទៅជាង៧០០ដង។
គួរបញ្ជាក់ថា បើតាមការវាយតម្លៃពីពេលមុនៗ គ្រាប់បែកនុយក្លេអ៊ែរអ៊ីដ្រូសែនរបស់កូរ៉េខាងជើង ធ្វើតេស្ដ បំផ្ទុះកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ គឺមានកម្លាំងផ្ទុះចន្លោះពី៥០ ដល់៧០គីឡូតោន តែប៉ុណ្ណោះ៕